អដ្ឋកថា គាថាព្រះរាជទត្តត្ថេរ

ក្បាលទី 42 · ទំព័រ 201

ក្នុងបញ្ចកនិបាត គាថារបស់ព្រះរាជទត្តត្ថេរ មានពាក្យផ្តើម ថា ភិក្ខុ សីវថិកំ គន្តា ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមាន អត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើមកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងកប្បទី ១៤ អំពីភទ្ទកប្បនេះ ជាកប្បដែលមិនមានព្រះពុទ្ធ កុលបុត្តនោះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ។ ថ្ងៃមួយ ចូលទៅកាន់ ព្រៃ ដោយករណីយកិច្ចឯណានីមួយ ឃើញព្រះបច្ចេកពុទ្ធមួយអង្គ អង្គុយត្រង់គល់ឈើក្នុងព្រៃនោះ មានចិត្តជ្រះថ្លា ប្រគេនផ្លែម្កាក់ដែលរលោង ល្អមួយផ្លែ ។ ដោយបុញ្ញកម្មនោះ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុង ពុទ្ធុប្បាទនេះ កើតក្នុងត្រកូលនៃឈ្មួញរទេះ ក្នុងក្រុងសាវត្ថី មាតាបិតាបាន ដាក់ឈ្មោះឲ្យថា រាជទត្ត ព្រោះសូម ( បន់ស្រន់ ) ព្រះបាទវេស្សវ័ណមហារាជបានមក ។ កុលបុត្តនោះចម្រើនវ័យហើយ យករទេះ ៥០០ ដាក់ទំនិញ ទៅកាន់ នគររាជគ្រឹះ ធ្វើការលក់ដូរ ។ សម័យនោះ ស្រីគណិកាម្នាក់ក្នុងក្រុងរាជគ្រឹះ មានរូបស្អាត គួរមើល គួរសរសើរ ព្រោះប្រកបដោយសម្រស់ដ៏ក្រៃលែង បានទ្រព្យមួយថ្ងៃមួយ ពាន់ ។ គ្រានោះ ពាណិជបុត្តបានឲ្យទ្រព្យ ១០០០ ដល់ស្រីនោះ រាល់ៗ ថ្ងៃ សម្រេចការនៅរួមគ្នា មិនយូរបុន្មាន ទ្រព្យទាំងអស់ក៏អស់ទៅ ធ្លាក់ខ្លួន ក្រ មិនមានសូម្បីត្រឹមតែអាហារ និងសម្លៀកបំពាក់ ត្រាច់ទៅកាន់ទីផ្សេងៗ ដល់នូវសេចក្តីសង្វេគហើយ ។