ព្រះសុភូតត្ថេរ

ក្បាលទី 42 · ទំព័រ 208

គាថារបស់ព្រះសុភូតត្ថេរ មានពាក្យផ្តើមថា អយ្យោគេ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមកស្សបៈ កើតក្នុងត្រកូលគហបតីមហាសាល ក្នុងក្រុងពារាណសី ដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា មានចិត្តជ្រះថ្លា តាំងនៅក្នុងសរណៈ និងសីល បានលាបព្រះគន្ធកុដិដោយគន្ធជាតិ ៤ យ៉ាង ក្នុងមួយខែ ៨ ដង រាល់ខែ ។