អដ្ឋកថា ព្រះគិរិមានន្ទត្ថេរ
ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាបុត្តនៃបុរោហិតរបស់ព្រះបាទពិម្ពិសារ ក្នុងក្រុងរាជគ្រឹះ មានឈ្មោះថា គិរិមានន្ទ ដល់នូវភាពជាអ្នកដឹងក្តីហើយ ឃើញពុទ្ធានុភាពរបស់ព្រះពុទ្ធ ក្នុងកាលយាងទៅកាន់ក្រុងរាជគ្រឹះ បាននូវ សទ្ធា បព្វជ្ជា ធ្វើសមណធម៌ក្នុងស្រុក អស់ ២-៣ ថ្ងៃ រួចទៅកាន់ក្រុង រាជគ្រឹះ ដើម្បីថ្វាយបង្គំព្រះសាស្តា ។ ព្រះបាទពិម្ពិសារ ទ្រង់ដឹងការមករបស់ព្រះថេរៈ ទើបយាងចូលទៅរក ទ្រង់បវារណាថា សូមលោកម្ចាស់នៅក្នុងទីនេះឯង ខ្ញុំនឹងឧបដ្ឋាកដោយបច្ច័យ ហើយយាងទៅ ទ្រង់រពឫកមិនបាន ព្រោះមានកិច្ចច្រើន ។ ទេវតាទាំងឡាយគិតថា ព្រះថេរៈនៅក្នុងទីវាល ទើបឃាត់នូវភ្លៀង ព្រោះខ្លាចព្រះថេរៈ សើម ។ ព្រះរាជាទ្រង់ជ្រាបហេតុដែលភ្លៀងមិនធ្លាក់ ទើបធ្វើកុដិប្រគេនព្រះថេរៈ ។ ព្រះថេរៈនៅក្នុងកុដិ ធ្វើសម្មាវាយាមៈ ព្រោះបានសេនាសនៈ ជាទីសប្បាយ ប្រកបព្យាយាមជានិច្ច បំពេញវិបស្សនា សម្រេចអរហត្ត សមដូចគាថាព័ន្ធដែលលោកពោលក្នុងអបទានថា ភរិយារបស់ខ្ញុំ ធ្វើមរណកាលហើយ កូនប្រុសរបស់ខ្ញុំ ទៅកាន់ព្រៃស្មសានហើយ មាតា បិតា និងបងប្រុស គេដុតលើជើងថ្ករតែមួយ ។ ខ្ញុំមានខ្លួនក្តៅសព្វ ស្គម ស្លេកស្លាំង ព្រោះតែសេចក្តីសោកនោះ មិនតែបុណ្ណោះ ចិត្តរបស់ខ្ញុំ ក៏ក្រឡកឆ្កួត ខ្ញុំត្រូវសេចក្តីសោកនោះ គ្រប សង្កត់ហើយ ។ ខ្ញុំលុះត្រូវសរ គឺសេចក្តីសោកគ្របសង្កត់ ហើយ ក៏បានចូលទៅកាន់ទីជាយព្រៃ បរិភោគតែផ្លែឈើ ដែលជ្រុះ ហើយនៅទៀបគល់ឈើ ។