អដ្ឋកថា ព្រះគយាកស្សបត្ថេរ
ក្នុងកប្បទី ៣១ រាប់អំពីភទ្ទកប្បនេះ ក្នុងសាសនាព្រះមានព្រះភាគព្រះនាម សិខី កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ លះការគ្រប់គ្រង ផ្ទះ ព្រោះមានអធ្យាស្រ័យក្នុងការចេញចាកទុក្ខ បួសជាតាបស ធ្វើ អាស្រមក្នុងដងព្រៃ មានឫសឈើ និងផ្លែឈើជាអាហារ ។ សម័យនោះ ព្រះមានព្រះភាគយាងទៅមួយអង្គឯង មិនមានសម្លាញ់ ទៅកាន់អាស្រម របស់កុលបុត្តនោះ ។ កុលបុត្តនោះ ឃើញព្រះមានព្រះភាគហើយ មានចិត្ត ជ្រះថ្លា ទើបចូលទៅគាល់ថ្វាយបង្គំហើយ ឈរក្នុងចំណែកម្ខាង សម្លឹងមើល បានបង្អោនផ្លែពុទ្រា ដែលមានរសឆ្ងាញ់ ថ្វាយដល់ព្រះសាស្តា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិ ងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ចម្រើនវ័យហើយ លះនូវការគ្រប់គ្រងផ្ទះ ព្រោះមានអធ្យាស្រ័យក្នុងនិស្សរណៈ បួសជាតាបស មួយអន្លើដោយតាបស ២០០ នៅត្រង់គយាបទេស ។ ព្រោះលោកនៅ ត្រង់គយាបទេស និងជាកស្សបគោត្ត ទើបបានឈ្មោះថា គយាកស្សបៈ ។ ព្រះមានព្រះភាគ ទ្រង់ប្រទានឯហិភិក្ខុឧបសម្បទា មួយអន្លើដោយ បរិស័ទ ហើយទ្រង់ទូន្មានដោយអាទិត្តបរិយាយសូត្រ តាំងនៅក្នុងអរហត្ត សមដូចគាថាព័ន្ធដែលលោកពោលក្នុងអបទានថា កាលនោះ ខ្ញុំស្លៀកស្បែកខ្លា ទ្រទ្រង់សំពត់សម្បកឈើ បានរែក ផ្លែពុទ្រាមួយអម្រែក ទៅឯអាស្រមរបស់ខ្ញុំ ។ ក្នុងកាលនោះ ព្រះសម្ពុទ្ធព្រះនាមសិខី ព្រះអង្គមិនមានបុគ្គលជាគម្រប់ពីរ រុងរឿង សព្វៗ កាល ទ្រង់ស្តេចចូលទៅក្នុងអាស្រមរបស់ខ្ញុំ តែមួយ ព្រះអង្គឯង ។ ខ្ញុំញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយថ្វាយបង្គំព្រះ សម្ពុទ្ធ ព្រះអង្គមានវត្តល្អ រួចកាន់យកនូវផ្លែពុទ្រា ដោយដៃទាំង ពីរ ថ្វាយដល់ព្រះពុទ្ធ ។