ព្រះវក្កលិត្ថេរ

ក្បាលទី 42 · ទំព័រ 251

គាថារបស់ព្រះវក្កលិត្ថេរ មានពាក្យផ្តើមថា វាតរោគាភិនីតោ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង សាសនានៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ក្នុង ហង្សវតីនគរ ដល់នូវភាពជាអ្នកដឹងក្តីហើយ ទៅកាន់វិហារជាមួយឧបាសក ទាំងឡាយ ដែលទៅកាន់សម្នាក់ព្រះសាស្តា ឈរខាងចុងបរិស័ទស្តាប់ធម៌ ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងជាឯតទគ្គៈជាងភិក្ខុ ដែលបង្អោនទៅក្នុងសទ្ធា ខ្លួនឯងក៏ប្រាថ្នាតំណែងនោះ ទើបថ្វាយទានអស់ ៧ ថ្ងៃ បានតាំងសេចក្តីប្រាថ្នា ។