អដ្ឋកថា គាថាព្រះឧរុវេលកស្សប

ក្បាលទី 42 · ទំព័រ 296

ក្នុងឆក្កនិបាត គាថារបស់ព្រះឧរុវេលកស្សបត្ថេរ មាន ពាក្យផ្តើមថា ទិស្វាន បដិហីរានិ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនោះក៏ជាអ្នកមានបុញ្ញាធិការធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង សាសនានៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ដល់ នូវការចម្រើនវ័យហើយ ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា បានឃើញ ព្រះសាស្តាស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងឯតទគ្គៈ ខាងមានបរិស័ទច្រើន ខ្លួនឯងក៏ប្រាថ្នាតំណែងនោះ ទើបថ្វាយមហាទាន ហើយធ្វើសេចក្តីប្រាថ្នា ។ ឯព្រះមានព្រះភាគបានឃើញថា ការប្រាថ្នានៃកុលបុត្តនេះ មិនមានអន្តរាយ ទើបទ្រង់ព្យាករថា ក្នុងអនាគតកាល កុលបុត្តនេះ នឹងជាកំពូលជាងភិក្ខុខាង មានបរិវារច្រើន ក្នុងសាសនារបស់ព្រះគោតមសម្ពុទ្ធ ។ កុលបុត្តនោះធ្វើបុណ្យក្នុងជាតិនោះ ដរាបដល់អស់អាយុ ចុតិអំពីជាតិ នោះហើយ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងទីបំផុត ៩២ កប្ប រាប់អំពីភទ្ទកប្បនេះ កើតជាប្អូនប្រុសមាតាដទៃនៃព្រះមានព្រះភាគព្រះនាម ផុស្សៈ មានប្អូនប្រុសដទៃ ២ អង្គទៀត បងប្អូនទាំង ៣ នោះ បូជា ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយការនៅយ៉ាងក្រៃលែង ធ្វើកុសល ដរាបអស់អាយុ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ មុនព្រះមាន ព្រះភាគនៃយើងកើតឡើង កើតជាបងប្អូនប្រុសនឹងគ្នាតាមលំដាប់ ក្នុង ត្រកូលព្រាហ្មណ៍ ក្នុងក្រុងសាវត្ថី ទាំង ៣ នាក់ មានឈ្មោះថា កស្សបៈ ព្រោះជាកស្សបគោត្ត ។