អដ្ឋកថា ព្រះមហានាគ
ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាបុត្តរបស់ព្រាហ្មណ៍ឈ្មោះមធុវាសេដ្ឋៈ ក្នុងនគរសាកេត កុលបុត្តនោះមានឈ្មោះថា មហានាគ ដល់នូវភាពជាអ្នកដឹង ក្តីហើយ ។ កាលព្រះមានព្រះភាគគង់នៅក្នុងព្រៃអញ្ជនៈ ជិតនគរសាកេត បានឃើញបាដិហារ្យរបស់ព្រះគវម្បតិត្ថេរ ( ដែលព្រះថេរៈឃាត់នូវជំនន់ទឹក ស្ទឹង ) បាននូវសទ្ធា បួសក្នុងសម្នាក់ព្រះថេរៈនោះឯង តាំងនៅក្នុងឱវាទ របស់ព្រះថេរៈ ក៏សម្រេចនូវអរហត្ត ។ សមដូចគាថាព័ន្ធដែលលោកពោល ក្នុងអបទានថា ព្រះសម្ពុទ្ធព្រះនាមកកុសន្ធៈ មានព្យាយាមធំ ទ្រង់ដល់នូវត្រើយ នៃធម៌ទាំងពួង ព្រះអង្គទ្រង់ចៀសចេញចាកពួក ហើយស្តេចទៅ តាមចន្លោះព្រៃ ។ ខ្ញុំយកផ្លែសម៉ពិភេទក៍ដោតនឹងវល្លិ សម័យ នោះ ព្រះមានព្រះភាគទ្រង់ចម្រើនឈានត្រង់ចន្លោះភ្នំ ខ្ញុំបានឃើញ ព្រះមានព្រះភាគ ជាទេវតាក្រៃលែងជាងទេវតា ក៏មានចិត្តជ្រះថ្លា ហើយថ្វាយផ្លែសម៉ពិភេទក៍ដល់ព្រះអង្គ ជាអ្នកប្រាជ ជាទិក្ខណេយ្យបុគ្គល ។ ក្នុងកប្បនេះឯង ព្រោះហេតុដែលខ្ញុំបានថ្វាយ ផ្លែសម៉ពិភេទក៍ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃផ្លែសម៉ពិភេទក៍ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញ ហើយ ។ បេ ។ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ដូច្នេះ ។ កាលព្រះថេរៈសម្រេចអរហត្តហើយ នៅសម្ងំជាសុខ ដែលកើតអំពី វិមុត្តិ ឃើញឆព្វគ្គិយភិក្ខុមិនធ្វើសេចក្តីគោរពក្នុងសព្រហ្មចារីទាំងឡាយ ទើប ពោល ៦ គាថា ទាក់ទងដោយការឲ្យឱវាទដល់ឆព្វគ្គិយភិក្ខុនោះថា បុគ្គលដែលមិនមានសេចក្តីគោរព ក្នុងពួកសព្រហ្មចារី រមែង សាបសូន្យចាកព្រះសទ្ធម្ម ដូចត្រីក្នុងទីមានទឹកតិច ។