គាថាព្រះកុល្លត្ថេរ

ក្បាលទី 42 · ទំព័រ 324

កុល្លភិក្ខុ ទៅកាន់ព្រៃខ្មោច បានឃើញខ្មោចស្រីដែលគេ ចោល បោះបង់ក្នុងព្រៃស្មសាន មានដង្កូវកំពុងតែប្រជែងគ្នាស៊ីដេរដាស ។ ( ព្រះសាស្តាត្រាស់ថា ) ម្នាលកុល្លៈ អ្នកចូរមើលសរីរៈ ដែលក្តៅ រោលរាលមិនស្អាត មានក្លិនស្អុយ មានវត្ថុមិនស្អាត ដែលហូរឡើង ហូរចុះ ជាសរីរៈដែលពួកមនុស្សពាល តែងត្រេកអរក្រៃពេក ។ ( ព្រះកុល្លត្ថេរពោលថា ) ខ្ញុំកាន់កញ្ចក់ គឺធម៌ ឆ្លុះមើលកាយនេះ ជា របស់អសារឥតការ ទាំងខាងក្នុងខាងក្រៅ ព្រោះបានសម្រេចដោយញាណទស្សនៈ ។ សរីរៈនៃខ្ញុំនេះ យ៉ាងណា សរីរៈនៃស្រីនុ៎ះយ៉ាងនោះដែរ សរីរៈ ស្រីនុ៎ះយ៉ាងណា សរីរៈនៃខ្ញុំនេះ ក៏យ៉ាងនោះដែរ សភាវៈខាងក្រោមយ៉ាងណា សភាវៈខាងលើយ៉ាងនោះ សភាវៈខាងលើយ៉ាងណា សភាវៈខាងក្រោម យ៉ាងនោះដែរ ។ វេលាថ្ងៃយ៉ាងណា វេលាយប់យ៉ាងនោះដែរ វេលា យប់យ៉ាងណា វេលាថ្ងៃយ៉ាងនោះដែរ ខាងមុខយ៉ាងណា ខាងក្រោយយ៉ាង នោះដែរ ខាងក្រោយយ៉ាងណា ខាងមុខយ៉ាងនោះដែរ ។ សេចក្តីត្រេកអរ ដោយតុរិយតន្រ្តីប្រកបដោយអង្គ ៥ ប្រាកដដូច្នោះ ក៏មិនដូចសេចក្តីត្រេកអរ របស់អ្នកមានចិត្តមូលតែមួយ ឃើញច្បាស់នូវធម៌ដោយប្រពៃទេ ។ កុល្លត្ថេរ