អដ្ឋកថា គាថាព្រះកុល្លត្ថេរ
គាថារបស់ព្រះកុល្លត្ថេរ មានពាក្យផ្តើមថា កុល្លោ សិវថិកំ ដូច្នេះ ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ។ ក្នុងពុទ្ធុប្បាទនេះ កើតនៅក្នុងត្រកូលកុដុម្ពិកៈ ក្នុងនគរសាវត្ថី មានឈ្មោះថា កុល្លៈ ដល់នូវភាពជាអ្នកដឹងក្តីហើយ បានស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា បាននូវសទ្ធា បួសហើយ ។ ព្រះថេរៈជាអ្នកមានរាគៈខ្លាំងជាប្រក្រតី ព្រោះជារាគចរិត ព្រោះហេតុនោះ ទើបកិលេសទាំងឡាយគ្របសង្កត់ចិត្ត របស់ព្រះថេរៈជានិច្ច ។ លំដាប់នោះ ព្រះសាស្តា ទ្រង់ជ្រាបវារចិត្តរបស់ព្រះថេរៈ ទើបទ្រង់ ប្រទានអសុភកម្មដ្ឋានថា ម្នាលកុល្លៈ អ្នកគប្បីត្រាច់ទៅក្នុងព្រៃខ្មោចរឿយៗ ព្រះថេរៈក៏ចូលទៅកាន់ព្រៃស្មសាន ឃើញអសុភនោះៗ មានសាកសពហើម បោងជាដើម ទើបញ៉ាំងមនសិការដល់អសុភឲ្យកើតឡើងក្នុងខណៈនោះ លុះ ចេញអំពីព្រៃបុណ្ណោះ ក៏ត្រូវរាគៈគ្របសង្កត់ទៀត ។ ព្រះសាស្តាទ្រង់ជ្រាប រឿងរបស់ព្រះថេរៈ ថ្ងៃមួយ ក្នុងកាលដែលព្រះថេរៈទៅកាន់ព្រៃស្មសាន ទ្រង់ ក៏និម្មិតរូបស្រីក្មេងម្នាក់ដែលស្លាប់ថ្មីៗ មានពណ៌សម្បុរល្អ ព្រះថេរៈឃើញរូប ស្រីនោះ ក៏កើតរាគៈយ៉ាងឆាប់រហ័ស ដូចកើតក្នុងរបស់ដែលជាវិសភាគដែល មានជីវិត ដូច្នោះ ។ លំដាប់នោះ កាលព្រះថេរៈកំពុងសម្លឹងមើលនោះឯង ព្រះសាស្តាទ្រង់ ក៏ធ្វើរូបស្រីនោះឲ្យមានរបស់មិនស្អាតហូរចេញអំពីមុខដំបៅទាំង ៩ មានពួក ដង្កូវពពាក់ពពូនគួរខ្លាច មានក្លិនស្អុយគួរខ្ពើម គួរបដិកូលក្រៃពេក ។ ព្រះថេរៈ សម្លឹងមើលរូបនោះ មានចិត្តប្រាសចាកតម្រេកហើយ ។ លំដាប់ន