អដ្ឋកថា ព្រះមិគជាលត្ថេរ

ក្បាលទី 42 · ទំព័រ 356

បទថា ចក្ខុមតា បានដល់ ទ្រង់មានចក្ខុ ដោយចក្ខុ ៥ ប្រការ គឺ មំសចក្ខុ ទិព្វចក្ខុ បញ្ញាចក្ខុ ពុទ្ធចក្ខុ និងសមន្តចក្ខុ ។ បទថា ពុទ្ធេន បានដល់ ព្រះសព្វញ្ញូពុទ្ធ ។ បទថា អាទិច្ចពន្ធុនា បានដល់ ជាអាទិត្តគោត្ត ពិតហើយ វង្សរបស់ ក្សត្រក្នុងលោក មាន ២ គឺអាទិច្ចវង្ស ១ សោមវង្ស ( វង្សរបស់ព្រះចន្ទ ) ១ ។ ក្នុង ២ វង្សនោះ គប្បីជ្រាបថា វង្សរបស់ព្រះបាទឱក្កាករាជ ជា អាទិច្ចវង្ស ស្តេចសក្យៈទាំងឡាយ ឈ្មោះថា អាទិច្ចគោត្ត ព្រោះមាន សញ្ជាតិមកអំពីវង្សរបស់ព្រះបាទឱក្កាករាជនោះ ព្រោះហេតុនោះ ទើបព្រះមាន ព្រះភាគ សត្វលោកនាំគ្នាហៅថា អាទិច្ចពន្ធុ ព្រោះជាពូជពង្សនៃព្រះ អាទិត្យ ។ ម្យ៉ាងទៀត ព្រះមានព្រះភាគ ឈ្មោះថា អាទិច្ចពន្ធុ ព្រោះជាផៅពង្ស នៃព្រះអាទិត្យដូច្នេះក៏មាន អត្ថនេះ បានពោលហើយខាងដើមនោះឯង ។ ធម៌ ឈ្មោះថា សព្វសំយោជនាតីតោ ព្រោះឈានកន្លងនូវ សំយោជនៈទាំងពួង មានកាមរាគសំយោជនៈជាដើម ឈ្មោះថា សព្វវដ្តវិនាសនោ ព្រោះធ្វើឲ្យវិនាស គឺកម្ចាត់កិលេសវដ្ត កម្មវដ្ត និងវិបាកវដ្ត នោះឯង ឈ្មោះថា និយ្យានិកោ ព្រោះនាំចេញទៅអំពីការវិលវល់ក្នុងសង្សារ ឈ្មោះថា ឧត្តរណោ ព្រោះអត្ថថា ឆ្លងផុតចាកមហាឱឃៈ គឺសង្សារ ឈ្មោះថា តណ្ហាមូលវិសោសនោ ព្រោះធ្វើឫសគល់នៃតណ្ហាទាំងពួង មាន កាមតណ្ហាជាដើម ដែលបានដល់អវិជ្ជា និងអយោនិសោមនសិការឲ្យក្រៀម ស្វិត គឺឲ្យក្រៀមស្ងួត ទម្លាយបង់ គឺកាត់ជាសមុច្ឆេទនូវកម្ម ឬកិលេស ដែលឈ្មោះថា វិសមូលំ ព្រោះជាទីកើតឡើងនៃសេចក្តីវិនាសរបស់ពួកសត្វ ដោយកម្ចាត់ការដឹងច្បាស់ក្នុងវេទនាទាំង ៣ ហើយឲ្យដល់នូវការរលត់ គឺ ព្រះនិព្វាន ។