ព្រះជេន្តបុរោហិតត្ថេរ
ខ្ញុំស្រវឹងដោយសេចក្តីស្រវឹង ព្រោះជាតិផង ដោយភោគៈ និងឥស្សរិយយសផង ដោយសណ្ឋានវណ្ណៈ និងរូប ( ល្អ ) ផង ខ្ញុំជាបុគ្គល ប្រព្រឹត្តស្រវឹងជ្រប់ហើយ ។ ខ្ញុំត្រូវអតិមានះកម្ចាត់បង់ហើយ ជាមនុស្សពាល ជាអ្នករឹងរូស មានមានះដូចជាទង់ជ័យ ដែលគេលើកឡើងហើយ មិនបាន សម្គាល់អ្នកណាមួយ ថាជាបុគ្គលស្មើនឹងខ្លួនផង ថាជាបុគ្គលក្រៃលែងជាង ខ្លួនផង ។ ខ្ញុំជាអ្នកមានមានះរឹងរូស មិនអើពើ មិនក្រាបសំពះអ្នកណាមួយ ទោះជាមាតាក្តី បិតាក្តី ឬអ្នកដទៃដែលសន្មតថាគួរគោរព ។ ខ្ញុំបានឃើញ ព្រះសាស្តា ជាអ្នកទូន្មានសត្វប្រសើរខ្ពង់ខ្ពស់ ជាងនាយសារថីទាំងឡាយ ព្រះអង្គរុងរឿងដូចព្រះអាទិត្យ មានភិក្ខុសង្ឃចោមរោម ក៏មានចិត្តជ្រះថ្លា បានលះមានះ និងសេចក្តីស្រវឹងចេញអស់ហើយ ទើបថ្វាយបង្គំព្រះសាស្តា ព្រះអង្គខ្ពង់ខ្ពស់ជាងសព្វសត្វដោយត្បូង ។ ខ្ញុំបានលះបង់ គាស់រម្លើងនូវ សេចក្តីប្រកាន់ថា វិសេសជាងគេផង នូវសេចក្តីប្រកាន់ថា ថោកទាបជាងគេ ផង បានផ្តាច់ផ្តិលអស្មិមានះចោលអស់ហើយ ទាំងមានះផ្សេងៗ ទាំងអស់ ខ្ញុំក៏បានកម្ចាត់បង់ស្រឡះហើយ ។ ជេន្តបុរោហិតបុត្តត្ថេរ