អដ្ឋកថា ព្រះន្ហាតកមុនិ
គាថារបស់ព្រះន្ញាតកមុនិត្ថេរ មានពាក្យផ្តើមថា វាតរោគាភិនីតោ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង ពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងក្រុងរាជគ្រឹះ ចម្រើនវ័យហើយ សម្រេចក្នុងវិជ្ជា ( សិល្បស្រាស្ត ១៨ យ៉ាង ) ជាដើម មហាជនស្គាល់ ទួទៅថា ន្ញាតកៈ ព្រោះប្រកបដោយលក្ខណៈរបស់អ្នកងូតហើយ ( អ្នកអស់ កិលេស ) ។ ន្ញាតកកុលបុត្តនោះ បួសជាតាបស ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយ គ្រាប់ស្កួយ ក្នុងដងព្រៃ ឆ្ងាយអំពីក្រុងរាជគ្រឹះប្រមាណ ៣ យោជន៍ ជាអ្នកបម្រើ ភ្លើង ។ ព្រះសាស្តាទ្រង់ឃើញឧបនិស្ស័យនៃអរហត្តរបស់កុលបុត្តនេះ ដែលឆេះសន្ធោសន្ធៅខាងក្នុងហទយៈ ដូចប្រទីបឆេះសន្ធោសន្ធៅក្នុងឆ្នាំង ទើបយាងទៅកាន់អាស្រមរបស់កុលបុត្តនោះ ។ កុលបុត្តនោះ បានឃើញព្រះមានព្រះភាគហើយ មានចិត្តត្រេកអរ បង្អោនភោជនចូលទៅប្រគេន តាមបែបអាហារដែលខ្លួនបរិភោគ ។ ព្រះមុនី ទ្រង់សោយអាហារនោះ ក្នុងថ្ងៃទី ២-៣ ក៏ដូច្នោះ ។ ក្នុងថ្ងៃទី ៤ ក៏ក្រាបទូល ថា បពិត្រព្រះមានព្រះភាគ ទ្រង់ជាបុគ្គលសុខុមាលជាតិ ហេតុអ្វី ទើបញ៉ាំង នូវអត្តភាពឲ្យប្រព្រឹត្តទៅដោយអាហារបែបនេះបាន ។ ព្រះសាស្តា កាល ទ្រង់ប្រកាសគុណអរិយសន្តោសដល់តាបស ទើបទ្រង់សម្តែងធម៌ ។ តាបសបានស្តាប់ធម៌នោះហើយ បានជាព្រះសោតាបន្ន បួសហើយ សម្រេចអរហត្ត ។ ព្រះមានព្រះភាគ កាលធ្វើតាបសនោះ ឲ្យតាំងនៅក្នុង អរហត្តហើយ ក៏យាងចៀសចេញទៅ ។