អដ្ឋកថា ព្រះព្រហ្មទត្តត្ថេរ

ក្បាលទី 42 · ទំព័រ 381

ព្រហ្មទត្តនោះ ចម្រើនវ័យហើយ បានឃើញពុទ្ធានុភាព ក្នុង កាលឆ្លងវត្តជេតពន មាននូវសទ្ធាបួសហើយ ប្រកបវិបស្សនាកម្មដ្ឋាន បាន អភិញ្ញា ៦ មួយអន្លើដោយបដិសម្ភិទា ។ ថ្ងៃមួយ ព្រាហ្មណ៍ម្នាក់ជេរព្រះថេរៈ ដែលកំពុងនិមន្តបិណ្ឌបាតក្នុងព្រះនគរ ព្រះថេរៈបានស្តាប់ការជេរនោះ ក៏នៅស្ងៀម នៅតែត្រាច់បិណ្ឌបាតនោះឯង ព្រាហ្មណ៍ក៏នៅតែជេរហើយជេរ ទៀត ។ ពួកមនុស្សក៏និយាយនឹងព្រាហ្មណ៍ ដែលកំពុងជេរយ៉ាងនេះថា ព្រះថេរៈនេះមិនពោលនូវពាក្យណាមួយ ។ ព្រះថេរៈបានស្តាប់ដូច្នោះ កាលនឹងសម្តែងធម៌ដល់មនុស្សទាំងនោះ ក៏ ពោលគាថាទាំងនេះថា បុគ្គលមិនមានសេចក្តីក្រោធ បានទូន្មានចិត្ត ចិញ្ចឹមជីវិតស្មើ ( ត្រូវ ) មានចិត្តរួចចាកអាសវៈ ព្រោះដឹងដោយប្រពៃ មាន ចិត្តស្ងប់ចាកកិលេស មិនញាប់ញ័រដោយលោកធម៌ នឹងមាន សេចក្តីក្រោធពីណា ។ បុគ្គលណា ខឹងតបចំពោះបុគ្គលដែលខឹង បុគ្គលនោះ នឹងមានសេចក្តីអាក្រក់ ព្រោះតែការខឹងតបនោះ បុគ្គលមិនខឹងតបនឹងបុគ្គលដែលខឹង ឈ្មោះថាឈ្នះសង្រ្គាមដែល គេឈ្នះបានដោយក្រ ។ បុគ្គលណាដឹងថា បុគ្គលដទៃខឹងហើយ មានស្មារតីខំអត់សង្កត់ បុគ្គលនោះ ឈ្មោះថា ប្រព្រឹត្តនូវប្រយោជន៍ ដើម្បីជនទាំង ២ គឺដើម្បីខ្លួន ១ ដើម្បីអ្នកដទៃ ១ ។ ពួកជនមិនឈ្លាសក្នុងធម៌ រមែងសម្គាល់ជនទាំង ២ គឺខ្លួន ១ អ្នកដទៃ ១ ដែលជាអ្នកព្យាបាលព្យាធិ គឺក្រោធបាន ថាជា មនុស្សពាល ។ បើសេចក្តីក្រោធកើតឡើងដល់អ្នក ចូរអ្នក ពិចារណានូវឱវាទ ដែលឧបមាដោយរណារ បើចំណង់ក្នុងរស កើតឡើងដល់អ្នក ចូរអ្នករពឫកនូវឱវាទ ដែលឧបមាដោយការបរិភោគ សាច់កូន ។