គាថាព្រះសុន្ទរសមុទ្ទត្ថេរ

ក្បាលទី 42 · ទំព័រ 404

ស្រីផ្កាមាស តាក់តែង ស្លៀកពាក់ល្អ ទ្រទ្រង់កម្រងផ្កា ស្អិតស្អាងហើយ មានជើងស្រឡាបដោយទឹកល័ក្ក ពាក់ស្បែកជើង លុះដោះស្បែកជើងចេញហើយ ក៏ធ្វើអញ្ជលីចំពោះមុខ ស្រីផ្កាមាស នោះ និយាយនូវពាក្យជាប្រធាននៃនិមិត្តនឹងខ្ញុំ ដោយសម្តីដ៏ទន់ ពីរោះថា លោកនៅកំលោះហើយបួស លោកចូរឋិតនៅក្នុងពាក្យ ប្រដៅរបស់ខ្ញុំ លោកចូរបរិភោគកាម ជារបស់មនុស្សចុះ ខ្ញុំនឹងឲ្យ សម្បត្តិដ៏ពេញចិត្តដល់លោក ។ ខ្ញុំប្តេជ្ញាពាក្យពិតដល់លោក ឬ នឹងនាំភ្លើងដល់លោក ។ កាលណា យើងទាំងពីរនាក់ ជាមនុស្ស ចាស់ កាន់ឈើច្រត់ហើយ យើងនឹងបួសទាំងពីរនាក់ នឹងកាន់ យកនូវជ័យជម្នះក្នុងលោកទាំងពីរ ។ ខ្ញុំបានឃើញស្រីផ្កាមាសនោះ មកធ្វើអញ្ជលីតាក់តែង ស្លៀកពាក់ល្អ ដូចជាជាប់អន្ទាក់មច្ចុ លំដាប់នោះ ខ្ញុំក៏បានធ្វើទុកក្នុងចិត្តដោយឧបាយនៃបញ្ញា ។ បេ ។ សុន្ទរសមុទ្ទត្ថេរ ៥ ។