អដ្ឋកថា គាថាព្រះសុន្ទរសមុទ្ទត្ថេរ
ក្នុងសត្តកនិបាត មានវិនិច្ឆ័យដូចតទៅនេះ គាថារបស់ព្រះ សុន្ទរសមុទ្ទត្ថេរ មានពាក្យផ្តើមថា អលង្កតា ដូច្នេះជាដើម ។ រឿងរ៉ាវ របស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបន្សិ័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង ពុទ្ធុប្បាទនេះ កើតជាកូនរបស់សេដ្ឋី មានទ្រព្យសម្បត្តិច្រើនម្នាក់ ក្នុងនគរ រាជគ្រឹះ មានឈ្មោះថា សមុទ្ទ តែប្រាកដឈ្មោះថា សុន្ទរសមុទ្ទ ព្រោះ ប្រកបដោយរូបសម្បត្តិ ។ លោកតាំងនៅក្នុងបឋមវ័យ បានឃើញពុទ្ធានុភាព ក្នុងគ្រាដែលព្រះមាន ព្រះភាគ យាងចូលទៅកាន់ក្រុងរាជគ្រឹះ បាននូវសទ្ធា ព្រោះជាអ្នកមាននូវ អធ្យាស្រ័យក្នុងការរលាស់ចេញចាកទុក្ខ ទើបបួស ឧបសម្បទាហើយ សមាទានធុតង្គ ចេញអំពីនគររាជគ្រឹះ ទៅកាន់នគរសាវត្ថី រៀននូវវិបស្សនា ក្នុងសម្នាក់របស់ភិក្ខុដែលជាកល្យាណមិត្ត បំពេញកម្មដ្ឋាន ។ ក្នុងថ្ងៃមហោស្រព ក្នុងនគររាជគ្រឹះ មាតារបស់ព្រះថេរៈបានឃើញសេដ្ឋីបុត្តដទៃៗ មួយ អន្លើនឹងភរិយានាំគ្នាស្អិតស្អាងរាងកាយលេងមហោស្រព រពឫកដល់បុត្ត ទើប ទ្រហោយំ ។ ស្រីគណិកាម្នាក់ឃើញដូច្នោះ ក៏សួរដល់ហេតុដែលយំ ទើបមាតាប្រាប់ ហេតុនោះដល់ស្រីគណិកានោះ ស្រីគណិកាបានស្តាប់ដូច្នោះ ក៏ពោលថា ខ្ញុំ នឹងនាំលោកមក ដំបូងសូមអ្នកមែយល់ថាខ្ញុំជាស្រី ទើបមាតានោះសន្យាថា បើធ្វើបានដូច្នោះ ខ្ញុំនឹងធ្វើនាងឲ្យជាភរិយារបស់កូនខ្ញុំ ហើយតាំងឲ្យជាម្ចាស់ ក្នុងត្រកូលនេះ ប្រគល់ទ្រព្យជាច្រើន ហើយបញ្ជូនទៅ ទើបនាងទៅកាន់ នគរសាវត្ថី ដោយបរិវារច្រើន ហើយស្នាក់នៅក្នុងផ្ទះមួយ ជិតទីបិណ្ឌបាត របស់ព្រះថេរៈ ប្រើឲ្យអ្នកដទៃៗ