ព្រះលកុណ្តក

ក្បាលទី 42 · ទំព័រ 412

គាថារបស់ព្រះលកុណ្តកភទ្ទិយត្ថេរ មានពាក្យផ្តើមថា បរេ អម្ពាដការាមេ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា ក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ព្រះថេរៈ នេះ កើតក្នុងត្រកូលមានភោគៈច្រើន ក្នុងហង្សវតីនគរ លុះចម្រើនវ័យ អង្គុយស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា ក្នុងខណៈនោះ បានឃើញព្រះសាស្តា ទ្រង់ស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងជាឯតទគ្គៈនៃភិក្ខុអ្នកមានសំឡេង ពីរោះ ខ្លួនឯងក៏ប្រាថ្នាឋានន្តរនោះ ទើបថ្វាយមហាទានដល់ភិក្ខុសង្ឃ មាន ព្រះពុទ្ធជាប្រធាន ហើយបានធ្វើបណិធានថា ខ្ញុំព្រះអង្គគប្បីជាកំពូលនៃភិក្ខុ អ្នកមានសំឡេងពីរោះ ក្នុងសាសនារបស់ព្រះពុទ្ធអង្គណាមួយ ក្នុងអនាគត ដូចភិក្ខុរូបនេះ ព្រះមានព្រះភាគទ្រង់ឃើញសេចក្តីប្រាថ្នានោះមិនមានអន្តរាយ ទើបទ្រង់ព្យាករ ហើយចៀសចេញទៅ ។