ព្រះភទ្ទត្ថេរ
ក្បាលទី 42 · ទំព័រ 425
គាថារបស់ព្រះភទ្ទត្ថេរ មានពាក្យផ្តើមថា ឯកបុត្តោ ដូច្នេះ ជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ បូជាព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ និងភិក្ខុ សង្ឃប្រមាណមួយសែនអង្គ ដោយបច្ច័យ ៤ មានចីវរជាដើម ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលសេដ្ឋី ក្នុងក្រុងសាវត្ថី មុន កើត មាតាបិតាមិនមានបុត្ត ធ្វើការបន់ស្រន់ចំពោះទេវតាជាដើម ក៏មិនបាន ទើបចូលទៅគាល់ព្រះសាស្តា ហើយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន បើខ្ញុំព្រះអង្គទាំង ២ បានបុត្តត្រឹមតែម្នាក់សោត នឹងថ្វាយបុត្តនោះ ដល់ ព្រះអង្គដើម្បីឲ្យជាទាសៈ ដូច្នេះហើយ ក៏ទៅ ។