អដ្ឋកថា ព្រះឯកវិហារិយត្ថេរ

ក្បាលទី 42 · ទំព័រ 523

ដោយបុញ្ញកម្មនោះ ទើបលោកអន្ទោលទៅក្នុងទេវតា និងមនុស្សទាំង ឡាយ អស់មួយពុទ្ធន្តរ ក្នុងពុទ្ធុប្បាទនេះ កាលព្រះមានព្រះភាគបរិនិព្វាន ហើយ កើតជាប្អូនប្រុសរបស់ព្រះបាទធម្មាសោក ។ បានឮថា ក្នុងឆ្នាំទី ២១៨ រាប់អំពីព្រះសាស្តាបរិនិព្វានមក ព្រះបាទ អសោកមហារាជ ទ្រង់បានទទួលការអភិសេកជាឯករាជ្យក្នុងជម្ពូទ្វីបទាំងមូល ហើយ ទ្រង់ស្ថាបនាតិស្សកុមារដែលជាប្អូនប្រុសរបស់ព្រះអង្គ ក្នុងតំណែង ឧបរាជ ទ្រង់ប្រើឧបាយណាមួយ ធ្វើប្អូនប្រុសនោះឲ្យជ្រះថ្លាក្នុងព្រះសាសនា ។ ថ្ងៃមួយ តិស្សកុមារនោះ ទៅបាញ់សត្វ ឃើញព្រះយោនកមហាធម្មរក្ខិតត្ថេរ ក្នុងព្រៃ ដែលដំរីដ៏ប្រសើរកំពុងចាប់មែកសាលព្រឹក្សបក់ប្រគេន ទើបកើត សេចក្តីជ្រះថ្លា គិតថា ឱហ្ន៎ អញបួសហើយ គប្បីនៅព្រៃដូចព្រះមហាថេរៈនេះ ។ ព្រះថេរៈ ជ្រាបដល់ការប្រព្រឹត្តទៅនៃចិត្តរបស់កុលបុត្តនោះ កាល កុលបុត្តនោះកំពុងឃើញនោះឯង ក៏ហោះទៅកាន់អាកាស មកឈរលើទឹកនៃ ស្រះបោក្ខរណី ក្នុងអសោការាម មិនធ្វើទឹកឲ្យបែក ព្យួរចីវរ និងស្បង់ក្នុង អាកាស ហើយស្រង់ទឹក ។ ព្រះកុមារ ឃើញអានុភាពរបស់ព្រះថេរៈហើយ មានសេចក្តីជ្រះថ្លា ក្រៃលែង ត្រឡប់អំពីព្រៃហើយ ចូលទៅកាន់ព្រះរាជវាំង ហើយក្រាបទូល ដល់ព្រះរាជាថា ខ្ញុំនឹងបួស ដូច្នេះ ។ ព្រះរាជាទ្រង់អង្វរព្រះកុមារនោះ ដោយ ប្រការផ្សេងៗ មិនអាចឲ្យកុមារលះបំណងបាន ។ ព្រះរាជកុមារនោះ ជា ឧបាសក ប្រាថ្នាដល់សេចក្តីសុខក្នុងការបួស ទើបពោល ៦ គាថាថា