អដ្ឋកថា ព្រះចូឡបន្ថក

ក្បាលទី 42 · ទំព័រ 557

ព្រះមហាបន្ថកត្ថេរនោះ ចូលទៅរកធនសេដ្ឋីដែលជាជីតារបស់ខ្លួន រួច ពោលថា បពិត្រលោកសេដ្ឋី បើលោកអនុញ្ញាតសោត អាត្មានឹងឲ្យចូឡបន្ថកៈបួសដែរ ។ ជីតាពិតថា សូមលោកម្ចាស់ឲ្យគេបួសចុះ ព្រះថេរៈក៏ឲ្យ ចូឡបន្ថកៈនោះបួសហើយ ។ ចូឡបន្ថកៈនោះតាំងនៅមាំក្នុងសីល ១០ ប្រការ ហើយ រៀននូវគាថា ( ក្នុងសំយុត្តនិកាយ សគាថវគ្គ ) ក្នុងសម្នាក់របស់ បងប្រុសថា ផ្កាឈូក ( ក្រហមច្រាល ) រីកក្នុងវេលាព្រឹក មានក្លិនក្រអូប មិនប្រាសចាកក្លិន យ៉ាងណា អ្នកចូរមើលនូវព្រះសម្មាសម្ពុទ្ធ មានរស្មីផ្សាយចេញអំពីព្រះអង្គ កំពុងរុងរឿង ដូចព្រះអាទិត្យ ដែលរុងរឿង ក្នុងអាកាសយ៉ាងនោះឯង ដូច្នេះ ។ ដោយ ៤ ខែកន្លងទៅ ក៏ចាំមិនបាន បទដែលរៀនហើយ ទន្ទេញ ហើយ មិនជាប់នៅក្នុងហទយៈរបស់លោកឡើយ ។ តមក ព្រះមហាបន្ថកៈ ក៏ពោលដល់ព្រះថេរៈថា នែបន្ថកៈ លោកជាអភព្វបុគ្គលក្នុងសាសនានេះ ៤ ខែកន្លងទៅហើយ លោកមិនអាចចាំបានសូម្បីតែមួយគាថា លោកនឹងធ្វើកិច្ច នៃបព្វជិតឲ្យដល់ទីបំផុតបានដូចម្តេច ចូរលោកចេញអំពីទីនេះ ចូឡបន្ថកៈ នោះត្រូវព្រះថេរៈបណ្តេញ ក៏ទៅឈរយំត្រង់ខ្លោងទ្វារ ។ ដោយសម័យនោះ ព្រះសាស្តាគង់ត្រង់អម្ពវនារាមរបស់ពេទ្យជីវក លំដាប់នោះ ពេទ្យជីវកបញ្ជូនបុរសទៅថា ចូរអ្នកនិមន្តព្រះសាស្តា មួយអន្លើ ដោយភិក្ខុ ៥០០ រូបមក ។ សម័យនោះ ព្រះមហាបន្ថកៈជាភត្តុទ្ទេសក៍ ។ ព្រះមហាបន្ថកៈនោះដែលទាយកនិមន្តថា សូមលោកម្ចាស់ទទួលភិក្ខាដើម្បី ភិក្ខុ ៥០០ រូបចុះ ដូច្នេះក៏ពោលថា អាត្មានឹងទទួលភិក្ខាដើម្បីភិក្ខុទាំងឡាយ ដ៏សេស វៀរតែចូឡបន្ថកៈ ។ ព្រះចូឡបន្ថកៈបានស្តាប់ដូច្នោះ មានសេចក្តី ទោមនស្សក្រៃលែងឡើង ។ ព្រះសាស្តាទ្រង់ជ្រាបថា ចូឡបន្ថកៈទោមនស្សហើយ ទើបទ្រង់ត្រ