ព្រះកប្ប

ក្បាលទី 42 · ទំព័រ 574

កាយដ៏ពេញដោយមន្ទិល មានចំណែកផ្សេងៗ កើតក្នុង រណ្តៅលាមកធំ គឺផ្ទៃមាតា ដូចជ្រាំចាស់ដែលអាប់អួយូរ ឬដូច បូសធំ ដំបៅធំ ជាកាយដ៏ពេញដោយខ្ទុះ និងឈាម ពេញព្រៀបក្នុង រណ្តៅលាមក ជាទីហូរចេញនៃទឹក រមែងហូរចេញនូវវត្ថុមិនស្អាត សព្វៗ កាល ។ កាយ ដែលចងភ្ជាប់ដោយសរសៃធំ ៦០ លាប ដោយគ្រឿងលាប គឺសាច់ ប្រដាប់ដោយអាវ គឺស្បែក ជាកាយស្អុយ រកប្រយោជន៍គ្មាន តភ្ជាប់គ្នាដោយរាងឆ្អឹង ចងស្រាក់ដោយចេស គឺ សរសៃ សម្រេចឥរិយាបថបាន ព្រោះប្រជុំនៃអាការមិនតែមួយ ។ កាយមានដំណើរទៅរកសេចក្តីស្លាប់ ដ៏ទៀងទាត់ ( ឋិតនៅ ) ក្នុង សម្នាក់នៃមច្ចុរាជ ឯនរជនតែងទម្លាក់ចោលនូវកាយ ក្នុងលោកនេះ ហើយទៅតាមយថាកម្ម ។ កាយត្រូវអវិជ្ជា ដោតក្រងហើយ ត្រូវ គ្រឿងចាក់ស្រែះ ៤ យ៉ាងចាក់ស្រែះហើយ កាយក៏លិចចុះក្នុងឱឃៈ ត្រូវបណ្តាញនៃអនុសយៈ គ្របសង្កត់ហើយ ប្រកបក្នុងនីវរណៈ ៥ ពេញដោយមិច្ឆាវិតក្កៈ ជាប់ដោយមូលនៃភព គឺតណ្ហា ត្រូវដំបូល គឺមោហៈបិទបាំងហើយ កាយនេះ រមែងប្រព្រឹត្តទៅដូចពោលមក នេះ អន្ទោលទៅតាមយន្ត គឺកម្ម ។ ធម្មតាសម្បត្តិ តែងមានវិបត្តិជាទី បំផុត ការកើតផ្សេងៗ រមែងវិនាសទៅវិញ ។ ពួកជនណា ជា អន្ធពាលបុថុជ្ជន រាប់អានកាយនេះ ពួកជននោះ រមែងញ៉ាំងសង្សារ ដ៏ពន្លឹកឲ្យចម្រើន តែងកាន់យកនូវភពថ្មីទៀត ។ ពួកជនណា វៀរបង់ នូវកាយនេះ ដូចបុគ្គលវៀរបង់ នូវអាសិរពិស ដែលប្រឡាក់ ដោយលាមក ពួកជននោះ រមែងខ្ជាក់ចោលនូវអវិជ្ជា និងតណ្ហា ដែលជាមូលនៃភព ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន ។ កប្បត្ថេរ ៥