អដ្ឋកថា ព្រះគោតមត្ថេរ

ក្បាលទី 42 · ទំព័រ 603

លំដាប់នោះ ព្រះមានព្រះភាគនៃយើង ទ្រង់កើតឡើងហើយក្នុងលោក ទ្រង់សម្តែងធម្មចក្រដ៏បវរឲ្យប្រព្រឹត្តទៅហើយ ទ្រង់ទូន្មានវេនេយ្យសត្វទាំងឡាយ មានយសកុលបុត្តជាដើមដោយលំដាប់ ហើយបានយាងទៅកាន់នគរ សាវត្ថី តាមពាក្យរបស់អនាថបិណ្ឌិកសេដ្ឋី ក្នុងកាលដែលវេរវត្តជេតពន ថ្វាយដល់ព្រះសាស្តា កុលបុត្តនោះបាននូវសទ្ធា ចូលទៅគាល់ព្រះសាស្តា ស្តាប់ធម៌ ហើយទូលសូមបព្វជ្ជា ។ ព្រះសាស្តា ទ្រង់ត្រាស់ឲ្យភិក្ខុសមាទានបិណ្ឌបាតជាវត្តមួយរូប ដោយ ព្រះតម្រាស់ថា ម្នាលភិក្ខុ ចូរអ្នកឲ្យកុលបុត្តនេះបួសចុះ ។ កុលបុត្តនោះ កាលភិក្ខុនោះឲ្យបព្វជ្ជា គ្រាន់តែកាំបិតកោរដល់សីសៈបុណ្ណោះ ក៏សម្រេច អរហត្ត ទៅកាន់កោសលជនបទ នៅត្រង់កោសលជនបទនោះអស់កាលយូរ ហើយត្រឡប់មកកាន់ក្រុងសាវត្ថីវិញ ។ ពួកញាតិជាព្រាហ្មណមហាសាល ជាច្រើន ចូលទៅរកព្រះគោតមត្ថេរនោះហើយ ហើយសួរថា ពួកសមណព្រាហ្មណ៍ជាច្រើន ក្នុងលោកនេះ មានវាទៈបរិសុទ្ធក្នុងសង្សារ ក្នុងវាទៈទាំងនោះ វាទៈរបស់បុគ្គលពួកណា ជាវាទៈនាំចេញ ( ចាកសង្សារ ) បដិបត្តិ ដូចម្តេច ទើបបរិសុទ្ធចាកសង្សារបាន ។ ព្រះថេរៈកាលប្រកាសសេចក្តីនោះដល់ញាតិទាំងនោះ ទើបពោលគាថា ទាំងនេះថា បុរសគប្បីដឹងច្បាស់នូវប្រយោជន៍របស់ខ្លួន គប្បីរមិលមើលនូវ ពាក្យជាប្រធាន គឺសាសនា មួយទៀត អំពើណា របស់កុលបុត្រអ្នកចូលកាន់ផ្នួសជាសមណភាព ជាអំពើមានសភាពដ៏សមគួរ ក្នុងសាសនានេះ ( បុគ្គលគប្បីរមិលមើលនូវអំពើនោះផង ) ។