គាថាព្រះសង្កិច្ចត្ថេរ
ម្នាលសាមណេរ ប្រយោជន៍អ្វីដល់អ្នក ( ដែលនៅ ) ក្នុងព្រៃភ្នំឈ្មោះឧជ្ជុហានៈ ( មិនជាទីសប្បាយ ) ក្នុងរដូវភ្លៀង ខ្យល់ ឈ្មោះវេរម្ពៈ ( ខ្យល់ព្យុះ ) ជាទីរីករាយដល់អ្នកឬ ព្រោះថា សេចក្តី ស្ងប់ស្ងាត់ រមែងមានដល់បុគ្គលទាំងឡាយអ្នកមានឈាន ។ ខ្យល់ ឈ្មោះវេរម្ពៈ រមែងបក់ផាត់នូវពពកទាំងឡាយ ក្នុងរដូវភ្លៀង យ៉ាងណា សញ្ញារបស់ខ្ញុំ ដែលប្រកបដោយវិវេក ក៏រមែងរាយមាយ យ៉ាងនោះដែរ ។ សត្វដែលកើតអំពីពង មានសម្បុរខ្មៅ ( ក្អែក ) ត្រាច់ទៅកាន់លំនៅក្នុងទីស្មសាន ក៏ញ៉ាំងសតិនៃខ្ញុំដែលអាស្រ័យនូវ ការប្រាសចាកតម្រេកក្នុងរាងកាយ ឲ្យកើតឡើង ។ ជនទាំងឡាយ ដទៃ មិនរក្សានូវភិក្ខុណា ភិក្ខុណាមិនរក្សានូវជនទាំងឡាយដទៃ ភិក្ខុនោះ ជាអ្នកមិនមានសេចក្តីអាឡោះអាល័យក្នុងកាមទាំងឡាយ រមែងដេកជាសុខ ។ ភ្នំថ្មទាំងឡាយនោះ មានទឹកថ្លា មានថ្មក្រាស់ ប្រកបដោយសត្វមានកន្ទុយដូចគោ មានទឹកដេរដាសដោយសារាយ រមែងញ៉ាំងអាត្មាឲ្យរីករាយ ។ អាត្មាក៏ធ្លាប់នៅក្នុងព្រៃទាំងឡាយផង ក្នុងច្រកភ្នំទាំងឡាយផង ក្នុងគុហាទាំងឡាយផង ក្នុងសេនាសនៈ ទាំងឡាយដ៏ស្ងាត់ផង ក្នុងព្រៃដែលសត្វម្រឹគសាហាវ អាស្រ័យនៅ ផង ។ អាត្មាមិនធ្លាប់ដឹងនូវសេចក្តីត្រិះរិះ មិនប្រសើរ ប្រកបដោយ ទោស យ៉ាងនេះថា ពួកសត្វទាំងនេះ ចូរលំបាក ចូរស្លាប់ ចូរដល់ នូវសេចក្តីទុក្ខ ( ដូច្នេះឡើយ ) ។ ព្រះសាស្តា អាត្មាបានបម្រើ ហើយ ព្រះពុទ្ធសាសនា អាត្មាបានធ្វើហើយ ភារៈដ៏ធ្ងន់ គឺខន្ធ អាត្មា បានដាក់ចុះហើយ តណ្ញាជាគ្រឿងនាំទៅកាន់ភព អាត្មាក៏បានដក ចោលហើយ ។