អដ្ឋកថា គាថាព្រះសង្កិច្ចត្ថេរ
ក្នុងឯកាទសកនិបាត គាថារបស់ព្រះសង្កិច្ចត្ថេរ មាន ពាក្យផ្តើមថា កឹ វតត្ថោ វនេ តាត ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង ពុទ្ធុប្បាទនេះ បដិសន្ធិនៅក្នុងត្រកូលព្រាហ្មណមហាសាល ក្នុងក្រុងសាវត្ថី កាលលោកនៅក្នុងផ្ទៃនោះឯង មាតាមានជំងឺ ធ្វើកាលកិរិយា កាលមាតា ត្រូវនាំទៅកាន់ឈាបនដ្ឋាន កន្សោមស្បូនមិនឆេះ ពួកមនុស្សយកឈើសូល៍ ចាក់ចំត្រង់ចុងចិញ្ចើមរបស់ទារក ។ មនុស្សទាំងនោះចាក់ហើយ យករងើក ភ្លើងកប់ ហើយចៀសចេញទៅ ។ ចំណែកនៃផ្ទៃត្រូវភ្លើងឆេះ ឯទារកដូចគ្នា នឹងរូបបដិមាមាស ដេកលើរងើកភ្លើង ដូចដេកក្នុងត្របកឈូក ដូច្នោះ ។ ពិតហើយ ធម្មតាសត្វដែលជាបច្ឆិមភវិកសត្វ ( សត្វដែលមានភពចុង ក្រោយ ) ទោះបីត្រូវភ្នំសិនេរុសង្កត់ បើមិនទាន់សម្រេចអរហត្ត ជីវិត ក៏មិនអស់ ។ ស្អែកឡើង ពួកមនុស្សទៅកាន់ព្រៃខ្មោច ឃើញទារកដេកយ៉ាងនោះ កើតអស្ចារ្យមិនធ្លាប់មាន នាំទារកទៅកាន់ផ្ទះ សួរពួកហោរាអ្នកទាយនិមិត្ត ពួកអ្នកទាយនិមិត្តពោលថា បើទារកនេះនៅគ្រប់គ្រងផ្ទះសោត មនុស្សក្នុង ត្រកូល ៧ តំណ នឹងបានទទួលសេចក្តីទុក្ខលំបាក បើបួសសោត នឹងចោមរោម ដោយសមណៈ ៥០០ ត្រាច់ទៅ ពួកញាតិពោលថា ណ្ហើយចុះ ពេល ទារកចម្រើនវ័យ ពួកយើងនឹងឲ្យបួសក្នុងសម្នាក់របស់លោកម្ចាស់សារីបុត្ត ហើយនាំគ្នាហៅឈ្មោះថា សង្កិច្ច ព្រោះត្រូវឈើសូល៍ចាក់ត្រង់ចុងចិញ្ចើម ទើបប្រាកដឈ្មោះថា សង្កិច្ច ។