គាថាព្រះសីលវត្ថេរ
បុគ្គលគប្បីសិក្សានូវសីល ឲ្យជាសីលដែលខ្លួនសិក្សាល្អ ហើយ ក្នុងលោកនេះ ព្រោះថា សីលដែលបុគ្គលសេពហើយ រមែង បង្អោនមកនូវសម្បត្តិទាំងពួង ។ ជនអ្នកមានប្រាជ្ញា កាលចង់បាននូវ សេចក្តីសុខ ៣ យ៉ាង គឺសេចក្តីសរសើរ ១ ការបាននូវសេចក្តី ត្រេកអរ ១ ការលះលោកនេះទៅហើយ រីករាយក្នុងឋានសួគ៌ ១ គប្បីរក្សានូវសីល ។ ពិតណាស់ បុគ្គលអ្នកមានសីល រមែងបាន នូវមិត្តទាំងឡាយច្រើន ដោយការសង្រួម ចំណែកបុគ្គលទ្រុស្តសីល កាលប្រព្រឹត្តអាក្រក់ រមែងឃ្លាតចាកមិត្តទាំងឡាយ ។ ជនទ្រុស្តសីល រមែងបាននូវទោសផង នូវតំណិះដំនៀលផង ឯជនអ្នកមាន សីល រមែងបាននូវគុណផង នូវកិត្តិសព្ទផង នូវសេចក្តីសរសើរ ផង សព្វៗ កាល ។ សីលជាខាងដើម ជាទីតាំង ជាមេនៃកល្យាណធម៌ និងជាប្រធាននៃធម៌ទាំងពួង ព្រោះហេតុនោះ បុគ្គលគប្បីជម្រះ សីល ។ សីលជាច្រាំង ជាទំនប់ ជាគ្រឿងញ៉ាំងចិត្តឲ្យរីករាយ ទាំង ជាកំពង់របស់ព្រះពុទ្ធគ្រប់ព្រះអង្គ ព្រោះហេតុនោះ បុគ្គលគប្បីជម្រះ នូវសីល ។ សីលជាកម្លាំងរកអ្វីប្រៀបផ្ទឹមមិនបាន សីលជាអាវុធដ៏ ឧត្តម សីលជាគ្រឿងអាភរណៈដ៏ប្រសើរ សីលជាគ្រឿងក្រោះយ៉ាង អស្ចារ្យ ។ សីល ជាស្ពានមានសក្តិធំ សីលជាគ្រឿងក្រអូបដ៏ប្រសើរ សីលជាគ្រឿងលាបដ៏ប្រសើរ តែងបក់ទៅ សព្វៗ ទិស ។ សីល ជាកញ្ចប់បាយដ៏ប្រសើរ សីលជាស្បៀងដ៏ឧត្តម សីលជាវាហនៈដ៏ ប្រសើរ សម្រាប់ទៅកាន់ទិសទាំងពួង ។ បុគ្គលពាលមានចិត្តអាក្រក់ ក្នុងទីទាំងពួង មិនតាំងមាំក្នុងសីលទាំងឡាយ រមែងបាននូវសេចក្តី និន្ទាក្នុងលោកនេះផង លុះលះលោកនេះទៅហើយ រមែងមានចិត្ត ជាទុក្ខ ក្នុងអបាយផង ។