អដ្ឋកថា គាថាព្រះសីលវត្ថេរ
ក្នុងទ្វាទសកនិបាត គាថារបស់ព្រះសីលវត្ថេរ មានពាក្យ ផ្តើមថា សីលមេវ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង ពុទ្ធុប្បាទនេះ កើតជាឱរសនៃព្រះបាទពិម្ពិសារ ក្នុងក្រុងរាជគ្រឹះ មាននាមថា សីលវៈ ។ កាលលោកចម្រើនវ័យហើយ ព្រះបាទអជាតសត្តុបំណងនឹង សម្លាប់ លើកឡើងដាក់លើដំរីចុះប្រេង ព្យាយាមដោយឧបាយផ្សេងៗ ក៏មិន អាចនឹងឲ្យស្លាប់បាន ព្រោះជាបច្ឆិមភវិកសត្វ មិនមានអន្តរាយចំពោះជីវិត ក្នុងរវាងដែលមិនទាន់បានសម្រេចអរហត្ត ។ ព្រះមានព្រះភាគទ្រង់ជ្រាបការ ប្រព្រឹត្តទៅរបស់កុលបុត្តនោះ ត្រាស់នឹងព្រះមហាមោគ្គល្លានត្ថេរថា ចូរអ្នកនាំ សីលវកុមារមក ព្រះថេរៈបាននាំសីលវៈមក មួយអន្លើដោយដំរីដោយ កម្លាំងនៃឫទ្ធិ ។ កុមារចុះអំពីដំរី ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ នាចំណែកម្ខាង ។ ព្រះមានព្រះភាគទ្រង់សម្តែងធម៌ ដែលសមគួរដល់អធ្យា- ស្រ័យនៃកុលបុត្តនោះ ។ កុលបុត្តនោះស្តាប់ធម៌ហើយ បាននូវសទ្ធា បួស បំពេញវិបស្សនាកម្មដ្ឋាន មិនយូរបុន្មានក៏សម្រេចអរហត្ត ក្នុងកោសលរដ្ឋ ។ លំដាប់នោះ ព្រះបាទអជាតសត្តុទ្រង់ត្រាស់នឹងបុរសទាំងឡាយថា ពួកអ្នកចូរ សម្លាប់ ។ រាជបុរសទាំងនោះទៅកាន់សម្នាក់របស់ព្រះថេរៈ ហើយឈរ ស្តាប់ធម្មកថាដែលព្រះថេរៈសម្តែង កើតនូវសេចក្តីសង្វេគ មានចិត្តជ្រះថ្លា បួសហើយ ។