អដ្ឋកថា គាថាព្រះសោណកោឡិវិសត្ថេរ
ថេរគាថា តេរសកនិបត ៣ ក្នុងតេរសកនិបាត គាថារបស់ព្រះសោណកោឡិវិសត្ថេរ មានពាក្យផ្តើមថា យាហុ រដ្ឋេ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមាន អត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង សាសនានៃព្រះមានព្រះភាគ ព្រះនាមអនោមទស្សី កុលបុត្តនេះ ជាសេដ្ឋី មានសម្បត្តិច្រើន ទៅកាន់វិហារជាមួយឧបាសកទាំងឡាយ ស្តាប់ធម៌ក្នុង សម្នាក់របស់ព្រះសាស្តា មានចិត្តជ្រះថ្លា ធ្វើបរិកម្មដោយបាយ-អ ក្នុងទីចង្រ្កម របស់ព្រះសាស្តា ក្រាលដោយផ្កា មានពណ៌ផ្សេងៗ ឲ្យចងពិតានដោយ សំពត់ ជ្រលក់ដោយពណ៌ផ្សេងៗ អំពីខាងលើ ម្យ៉ាងទៀត បានសាង សាលាវែងថ្វាយដល់ព្រះសាស្តា និងភិក្ខុសង្ឃ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូល សេដ្ឋី ក្នុងហង្សវតីនគរ មានឈ្មោះថា សិរីវឌ្ឍ ។ កុលបុត្តនោះ ចម្រើនវ័យ ហើយ ទៅកាន់វិហារ កំពុងស្តាប់ធម៌ក្នុងសម្នាក់ព្រះសាស្តា ឃើញព្រះសាស្តា ទ្រង់ស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងឯតទគ្គៈ នៃភិក្ខុដែលប្រារព្ធព្យាយាម សូម្បីខ្លួនឯងក៏ប្រាថ្នាតំណែងនោះ ទើបបំពេញមហាទានឲ្យប្រព្រឹត្តទៅអស់ ៧ ថ្ងៃ ហើយតាំងសេចក្តីប្រាថ្នា ។ ព្រះសាស្តាទ្រង់ឃើញថា សេចក្តីប្រាថ្នា របស់កុលបុត្តនោះសម្រេច ទើបទ្រង់ព្យាករហើយយាងទៅ ។