គាថាព្រះអញ្ញាកោណ្ឌញ្ញ

ក្បាលទី 42 · ទំព័រ 701

ថេរគាថា សោឡសកនិបត ៣ ខ្ញុំនេះបានស្តាប់ធម៌មានរសច្រើន ជ្រះថ្លាក្រៃលែង វិរាគធម៌ ដែលលោកសម្តែងហើយ មិនកាន់យក ( ធម៌ណាមួយ ) ដោយ ប្រការទាំងពួង ។ អារម្មណ៍ទាំងឡាយច្រើន ដ៏វិចិត្រក្នុងលោក លើ មណ្ឌលនៃផែនដីនេះ ទំនងជាញាំញីនូវសេចក្តីត្រិះរិះថា ល្អ ដែល ប្រកបដោយរាគៈ ។ អរិយសាវ័ក ពិចារណាឃើញ ដោយប្រាជ្ញា ក្នុងកាលណា សេចក្តីត្រិះរិះទាំងឡាយ ក៏ស្ងប់រម្ងាប់ក្នុងកាលណោះ ដូចជាភ្លៀងរម្ងាប់នូវធូលី ដែលហុយឡើងដោយខ្យល់ ។ អរិយសាវ័ក ពិចារណាឃើញដោយប្រាជ្ញាថា សង្ខារទាំងពួង មិនទៀង ក្នុងកាលណា រមែងនឿយណាយក្នុងសេចក្តីទុក្ខ ក្នុងកាលណោះ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ ។ អរិយសាវ័ក ពិចារណាឃើញដោយ ប្រាជ្ញាថា សង្ខារទាំងពួង ជាទុក្ខ ក្នុងកាលណា រមែងនឿយណាយ ក្នុងទុក្ខ ក្នុងកាលណោះ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ ។ អរិយសាវ័ក ពិចារណាឃើញ ដោយប្រាជ្ញាថា ធម៌ទាំងពួង មិនមែនជារបស់ខ្លួន ក្នុងកាលណា រមែងនឿយណាយក្នុងទុក្ខ ក្នុងកាលណោះ នេះជា ផ្លូវនៃសេចក្តីបរិសុទ្ធិ ។ ព្រះថេរៈឈ្មោះកោណ្ឌញ្ញ ត្រាស់ដឹងតាម ព្រះពុទ្ធ ដែលមានសេចក្តីព្យាយាមដ៏ក្លៀវក្លា មានជាតិ និងមរណៈ លះបង់ហើយ បរិបូណ៌ដោយព្រហ្មចរិយធម៌ ។ អន្ទាក់ គឺឱឃៈក្តី ចិត្តរឹងរូសដ៏មាំក្តី មោហៈដូចភ្នំ ដែលទម្លាយបានដោយកម្រក្តី ព្រះ អញ្ញាកោណ្ឌញ្ញនោះ បានកាត់នូវចិត្តដ៏រឹងរូសផង នូវអន្ទាក់ គឺឱឃៈ ផង នូវភ្នំ គឺមោហៈដែលបុគ្គលបំបែកបានដោយកម្រផង បានឆ្លង ទៅដល់ត្រើយ ជាអ្នកមានឈាន រួចចាកចំណងនៃមារ ។