គាថាព្រះអធិមុត្តត្ថេរ

ក្បាលទី 43 · ទំព័រ 2

ថេរគាថា វីសតិនិបត ៣ ( ចោរពោលថា ) ក្នុងកាលមុន យើងខ្ញុំទាំងឡាយ សម្លាប់ សត្វពួកណា ដើម្បីយញ្ញ ឬដើម្បីទ្រព្យ ភ័យក៏កើតមាន ( ដល់ សត្វពួកនោះ ) ឥតមានសេសសល់ សត្វទាំងនោះ រមែងញាប់ញ័រ ផង សោកសៅផង ។ សេចក្តីភិតភ័យនៃលោកមិនមាន ទាំង សម្បុរ ( មុខលោក ) ក៏ស្រស់បស់ក្រៃពេក ហេតុអ្វី ក៏លោក មិនខ្សឹកខ្សួល ព្រោះភ័យធំ មានសភាពយ៉ាងនេះ ។ ( ព្រះអធិមុត្តត្ថេរពោលថា ) ម្នាលចោរជាធំ សេចក្តីទុក្ខប្រព្រឹត្ត ទៅក្នុងចិត្ត នៃបុគ្គលអ្នកមិនមានសេចក្តីអាឡោះអាល័យ មិនមាន ទេ បុគ្គលអ្នកមានសំយោជនៈអស់ហើយ បានកន្លងផុតនូវភ័យទាំងពួង ។ កាលបើតណ្ហា ជាគ្រឿងនាំសត្វទៅកាន់ភពក្នុងបច្ចុប្បន្នអស់ ហើយ ដោយហេតុណាមួយ ភ័យចំពោះសេចក្តីស្លាប់ ក៏មិនមាន ឡើយ ដូចការមិនមានភ័យ ក្នុងកិរិយាដាក់ចុះនូវភារៈចេញ ( អំពី ក្បាល ) ។ ព្រហ្មចរិយធម៌ អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មា ក៏បានចម្រើនល្អហើយ ភ័យចំពោះសេចក្តីស្លាប់ នៃអាត្មា មិនមាន ទេ ដូចការមិនមានភ័យ ក្នុងកិរិយាអស់ទៅ នៃរោគទាំងឡាយ ។ ព្រហ្មចរិយធម៌ អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មាក៏បានចម្រើន ល្អហើយ ភពទាំងឡាយដែលមិនមានសេចក្តីត្រេកអរ អាត្មាក៏បាន ឃើញហើយ ដូចបុគ្គលផឹកនូវថ្នាំពិស ហើយខ្ជាក់ចោលវិញ ។ បុគ្គលអ្នកដល់នូវត្រើយ គឺព្រះនិព្វាន មិនមានសេចក្តីប្រកាន់ មាន សោឡសកិច្ចធ្វើហើយ មិនមានអាសវៈ រមែងជាអ្នកត្រេកអរ ក្នុង កិរិយាអស់ទៅនៃអាយុ ដូចបុគ្គលរួចហើយ ចាកការសម្លាប់ ។ បុគ្គលបានដល់នូវធម៌ដ៏ឧត្តម ជាអ្នកមិនត្រូវការ ក្នុងលោកទាំងអស់ រមែងមិនសោកសៅ ព្រោះសេចក្តីស្លាប់ ដូចបុគ្គលស្ទុះផុតចាកផ្ទះ ដែលភ្លើងឆេះ ។