អដ្ឋកថា ព្រះតេលុកានិត្ថេរ

ក្បាលទី 43 · ទំព័រ 50

ព្រោះជាអ្នកសម្បូរដោយហេតុ ទើបលះនូវការគ្រប់គ្រងផ្ទះ បួសជាបរិព្វាជក មានអធ្យាស្រ័យក្នុងការចេញចាកវដ្តៈ ត្រាច់ស្វែងរកវិមោក្ខ គឺការរួចផុត ដោយន័យជាដើមថា នរណាហ្ន៎ ក្នុងលោក ជាអ្នកដល់នូវត្រើយជាដើម ទើបចូលទៅរកសមណព្រាហ្មណ៍នោះៗ សួរបញ្ញា ។ សមណព្រាហ្មណ៍ទាំងនោះ ឆ្លើយឲ្យកុលបុត្តនោះពេញចិត្តមិនបាន ទើបកុលបុត្តនោះ មានបញ្ញា ដក់ជាប់ក្នុងចិត្តរហូតមក ។ កាលនោះ ព្រះមានព្រះភាគនៃយើងទាំងឡាយ ទ្រង់កើតឡើងក្នុង លោក ប្រកាសធម្មចក្កដ៏បវរ ទ្រង់បំពេញប្រយោជន៍ដល់សត្វលោក ថ្ងៃមួយ ចូលទៅគាល់ព្រះសាស្តាស្តាប់ធម៌ មានសទ្ធា ហើយបួស ចម្រើនវិបស្សនា កម្មដ្ឋាន មិនយូរបុន្មាន ក៏តាំងនៅក្នុងអរហត្ត ។ ថ្ងៃមួយ អង្គុយជាមួយពួកភិក្ខុ ពិចារណាដល់គុណវិសេសដែលខ្លួនបានសម្រេច ហើយរពឫកដល់ កិច្ចបដិបត្តិរបស់ខ្លួនតាមគន្លងនោះ កាលប្រាប់នូវបដិបទានោះដល់ភិក្ខុទាំងឡាយ ទើបពោលគាថានេះថា ខ្ញុំមានព្យាយាមជាគ្រឿងដុតកម្តៅនូវកិលេស កាលគិត រកនូវធម៌ អស់កាលមានរាត្រីដ៏យូរណាស់ តែមិនបាននូវការស្ងប់ រម្ងាប់នៃចិត្ត ទើបសួរនូវសមណព្រាហ្មណ៍ទាំងឡាយថា បុគ្គលណា សោតដែលបានដល់នូវត្រើយក្នុងលោក អ្នកណាដែលបានដល់នូវ ព្រះនិព្វានឈ្មោះអមតៈ ខ្ញុំនឹងប្រតិបត្តិនូវធម៌ ជាគ្រឿងដឹងច្បាស់នូវ ប្រយោជន៍ដ៏ឧត្តម របស់សមណព្រាហ្មណ៍ណា ។ ខ្ញុំលុះក្នុងកិលេស ជាគ្រឿងវៀចខាងក្នុងដូចត្រីស៊ីនុយ ឬដូចអសុរឈ្មោះវេបចិត្តិ ជាប់ ចំណងព្រះឥន្ទ្រ ។ ខ្ញុំទាញដកអន្ទាក់ គឺកិលេសនោះ តែមិនរួចចាក សេចក្តីសោក និងការខ្សឹកខ្សួលនេះទេ អ្នកណាអាចស្រាយនូវចំណង នៃខ្ញុំក្នុងលោក រួចប្រាប់នូវធម៌ជាគ្រឿងត្រាស់ដឹងដល់ខ្ញុំបាន ។ ខ្ញុំ ( គប្បីបាន ) នូវសមណៈ ឬព្រ