គាថាព្រះរដ្ឋបាលត្ថេរ
អ្នកចូរមើលនូវអត្តភាព ដែលធ្វើឲ្យវិចិត្រ ជាទីប្រជុំនៃ ដំបៅដែលតាំងឡើងព្រមហើយ ( ដោយឆ្អឹង ៣០០ កំណាត់ ) ជា អត្តភាពក្តៅក្រហាយ ដែលជនពាលត្រិះរិះដោយច្រើន ជាអត្តភាព មិនទៀងទាត់ ឋិតថេរ ។ អ្នកចូរមើលនូវរូប ដែលធ្វើឲ្យវិចិត្រដោយ កែវមណី និងកុណ្ឌល ដែលឆ្អឹង និងស្បែករួបរឹតហើយ ( រូបនោះ ) រមែងល្អដោយសារសំពត់ទាំងឡាយ ។ ជើងទាំងឡាយលាបដោយ ល័ក្តស្រស់ មុខលាបដោយគ្រឿងលំអិត អាចញ៉ាំងជនពាលឲ្យ វង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិព្វាន ឲ្យវង្វេងបានទេ ។ សក់ទាំងឡាយ ដែលគេរចនាដូចជាក្រឡាចតុរង្គ ភ្នែកទាំងឡាយលាបដោយថ្នាំ សម្រាប់បន្តក់ភ្នែក អាចញ៉ាំងជន ពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គល អ្នកស្វែងរកនូវត្រើយ គឺ ព្រះនិព្វានឲ្យវង្វេងបានឡើយ ។ កាយស្អុយដែលគេតាក់តែងហើយ ដូចជានាឡិសម្រាប់ដាក់ថ្នាំបន្តក់ ដែលគេវិចិត្រហើយថ្មីៗ អាចញ៉ាំង ជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺ ព្រះនិព្វានឲ្យវង្វេងបានឡើយ ។ ព្រានម្រឹគដាក់នូវអន្ទាក់ម្រឹគ ក៏មិន បានប៉ះពាល់នូវអន្ទាក់ ហើយស៊ីនូវចំណី កាលដែលព្រានម្រឹគកំពុង កន្ទក់កន្ទេញ ( ក៏បោលចេញទៅ យ៉ាងណាមិញ ) ពួកយើងក៏ ដើរចេញទៅ ( យ៉ាងនោះដែរ ) ។ អន្ទាក់របស់ព្រានម្រឹគដាច់ ហើយ ម្រឹគក៏មិនប៉ះពាល់នូវអន្ទាក់ ហើយស៊ីនូវចំណី កាលព្រាន ម្រឹគកំពុងសោកស្តាយ ( ក៏បោលចេញទៅ យ៉ាងណាមិញ ) ពួកយើងក៏ដើរចេញទៅ ( យ៉ាងនោះដែរ ) ។ អាត្មា បានឃើញនូវមនុស្សទាំងឡាយ បរិបូណ៌ដោយទ្រព្យសម្បត្តិក្នុងលោក ( ពួកមនុស្សទាំងនោះ ) លុះបានទ្រព្យគាប់ ចិត្តហើយ មិនឲ្យ ( ដល់បុគ្គលណាមួយឡើយ ) ព្រោះតែ សេចក្តីវង្វេង ។