គាថាព្រះសេលត្ថេរ
បពិត្រព្រះមានព្រះភាគ ព្រះអង្គមានព្រះកាយដ៏បរិបូណ៌ ជាទីគាប់ចិត្តក្រៃលែង មានព្រះជាតិដ៏ល្អ មានព្រះនេត្រដ៏ល្អ មាន សម្បុរ ដូចជាសម្បុរនៃមាស មានព្រះទាឋាដ៏សក្បុស ទ្រង់មាន ព្យាយាម ។ ព្យញ្ជនៈណា របស់ជនមានជាតិល្អ ព្យញ្ជនៈ ( និង អនុព្យញ្ជនៈ ) ទាំងអស់នោះ ជាមហាបុរិសលក្ខណៈ មានក្នុងព្រះកាយ របស់ព្រះអង្គ ។ ព្រះអង្គមានព្រះនេត្រថ្លា មានព្រះភក្ត្រល្អ មានទំហំ និងកម្ពស់សមសួន មានព្រះកាយត្រង់ មានរស្មីរុងរឿង ក្នុងកណ្តាលនៃពួកសមណៈ ដូចព្រះអាទិត្យ ។ បពិត្រភិក្ខុ ព្រះអង្គ មានរូបល្អ គួរជាទីរមិលមើល មានស្បែកដ៏ភ្លឺថ្លាដូចមាស ព្រះអង្គ មានសម្បុរដ៏ឧត្តមយ៉ាងនេះ តើមានប្រយោជន៍អ្វីដោយសមណភាព ។ ព្រះអង្គគួរបានជាស្តេចចក្រពត្តិ ដូចគោឧសភក្នុងរថជាធំ ( លើ ផែនដី ) មានសមុទ្រទាំងបួនជាទីបំផុត មានជ័យជម្នះ ជាឥស្សរៈ របស់អ្នកជម្ពូទ្វីប ។ បពិត្រព្រះគោតម ពួកក្សត្រិយ៍ជាស្តេចចំណុះ តែងចុះចូលនឹងព្រះអង្គ សូមព្រះអង្គសោយរាជ្យ ជារាជាធិរាជដ៏ធំ ជាងពួកមនុស្សចុះ ។ ( ព្រះមានព្រះភាគត្រាស់ថា ) ម្នាលសេលៈ តថាគតជាធម្មរាជ ជាស្តេចប្រសើរ អាចញ៉ាំងចក្រឲ្យប្រព្រឹត្តទៅតាមធម៌ ជាចក្រដែល អ្នកណាមួយ មិនអាចឲ្យប្រព្រឹត្តទៅបាន ។ ( សេលព្រាហ្មណ៍ក្រាបទូលថា ) បពិត្រព្រះគោតម ព្រះអង្គទ្រង់ ប្តេជ្ញាថា ព្រះអង្គជាអ្នកត្រាស់ដឹង ទ្រង់ត្រាស់ថា តថាគតជាធម្មរាជ ជាស្តេចប្រសើរ អាចញ៉ាំងចក្រឲ្យប្រព្រឹត្តទៅតាមធម៌បាន ។ ចុះ ភិក្ខុណា ជាសេនាបតីរបស់ព្រះអង្គ ជាសាវ័កប្រព្រឹត្តតាមព្រះសាស្តា ភិក្ខុណា ញ៉ាំងធម្មចក្កនេះ ដែលព្រះអង្គឲ្យប្រព្រឹត្តទៅហើយ ឲ្យ ប្រព្រឹត្តទៅបាន ។