គាថាព្រះបារាសរិយត្ថេរ
ចិន្តារបស់សមណៈ អ្នកមានអារម្មណ៍មូលតែមួយអង្គុយ ក្នុងព្រៃធំ មានផ្ការីក ជាអ្នកមានសេចក្តីស្ងប់ស្ងាត់ មានឈានបាន កើតមានហើយ ។ កាលដែលព្រះលោកនាថ ជាឧត្តមបុរស មាន ព្រះជន្មនៅឡើយ ការប្រព្រឹត្តរបស់ពួកភិក្ខុ មានដោយឡែក ឥឡូវនេះ ( ការប្រព្រឹត្ត ) ក៏ប្រាកដដោយឡែក ។ ពួកភិក្ខុជាអ្នកសន្តោស ក្នុងបច្ច័យតាមមានតាមបាន បានប្រើប្រាស់នូវចីវរ គ្រាន់តែជាគ្រឿង ការពារនូវត្រជាក់ និងខ្យល់ គ្រាន់តែជាគ្រឿងបិទបាំងនូវកេរ្តខ្មាស ។ ពួកភិក្ខុជាអ្នកមិនជាប់ មិនជ្រប់ បានបរិភោគរបស់ថ្លៃថ្លាក្តី សៅហ្មង ក្តី តិចក្តី ច្រើនក្តី ដើម្បីញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបុណ្ណោះ ។ ពួកភិក្ខុ មិនបានខ្វល់ខ្វាយក្នុងភេសជ្ជបច្ច័យ ជាបរិក្ខារនៃជីវិតខ្លាំងពេក ដូចជាខ្វល់ខ្វាយក្នុងធម៌ ជាទីអស់នៃអាសវៈទេ ។ ពួកភិក្ខុចម្រើន រឿយៗ នូវវិវេកធម៌ ប្រព្រឹត្តឈមទៅរកវិវេក នៅក្នុងព្រៃ ទៀប គល់នៃឈើ ក្នុងជ្រោះ និងក្នុងគុហាទាំងឡាយ ។ ពួកភិក្ខុជាអ្នក ប្រព្រឹត្តបន្ទាបខ្លួន តាំងមាំ ( ក្នុងសាសនា ) ជាអ្នកចិញ្ចឹមងាយ ជា អ្នកមានចិត្តទន់ មានចិត្តមិនរឹងត្អឹង មិនច្របូកច្របល់ដោយកិលេស មិនមានមាត់រឹង ជាអ្នកលុះក្នុងអំណាចនៃការគិតរកប្រយោជន៍ ( ខ្លួន និងអ្នកដទៃ ) ។ ព្រោះហេតុនោះ ដំណើរទៅ និងការបរិភោគ ការសេព ( របស់ពួកភិក្ខុ ) គួរជាទីជ្រះថ្លា ទាំងមានឥរិយាបថ ដូចធារនៃប្រេងដ៏ស្និទ្ធល្អ ។ ព្រះថេរៈទាំងនោះ មានអាសវៈទាំងពួង អស់ហើយ មានឈានច្រើន មានប្រយោជន៍ច្រើន ឥឡូវនេះ បរិនិព្វានហើយ ឥឡូវនេះ ពួកភិក្ខុបែបនោះមានតិច ។ សាសនានៃ ព្រះជិនស្រី ប្រកបដោយអាការដ៏ប្រសើរគ្រប់យ៉ាង រមែងសាបសូន្យ ទៅ ព្រោះការអស់ទៅនៃកុសលធម៌ផង នៃប