គាថាព្រមហាកស្សបត្ថេរ
ថេរគាថា ចត្តាឡីសនិបត ៣ ភិក្ខុមិនគប្បីប្រព្រឹត្តមានគណៈចោមរោម ( ព្រោះ ) រមែង មានចិត្តក្តៅក្រហាយ បានសមាធិ ដោយលំបាក ការសង្គ្រោះជន នានា នាំមកនូវសេចក្តីទុក្ខ ភិក្ខុឃើញដូច្នេះហើយ មិនគប្បីត្រេកអរ នឹងគណៈឡើយ ។ អ្នកប្រាជ មិនគប្បីចូលទៅអែបអបនឹងត្រកូល ទាំងឡាយទេ ( ព្រោះ ) រមែងមានចិត្តក្តៅក្រហាយ បានសមាធិ ដោយលំបាក ភិក្ខុណាជាអ្នកល្មោភក្នុងរសមានចម្ងាញ់ ភិក្ខុនោះជា អ្នករនះរនាត ជាប់ចិត្តក្នុងរស រមែងខូចបង់ប្រយោជន៍ ។ មែនពិត អ្នកប្រាជ្ញទាំងឡាយ បានដឹងនូវការថ្វាយបង្គំ និងការបូជាក្នុងត្រកូល ទាំងឡាយ ថាដូចជាភក់ ( ព្រោះថា ) សរ គឺកិលេសល្អិតៗ ភិក្ខុ កន្លងបង់បានដោយលំបាក គ្រឿងសក្ការៈ បុរសលាមក លះបង់ បានដោយក្រ ។ ខ្ញុំចុះចាកសេនាសនៈ ( លើភ្នំ ) ចូលទៅកាន់នគរ ដើម្បីបិណ្ឌបាត ។ ខ្ញុំបានយកចិត្តទុកដាក់ ចូលទៅឈរជិតបុរសឃ្លង់ ដែលកំពុងតែ បរិភោគ ។ បុរសនោះ បានបង្អោនពំនូតបាយដល់ខ្ញុំដោយដៃ ដែល មានរោគឃ្លង់ ទុំផេរៗ ហើយ កាលបុរសនោះ កំពុងដាក់ពំនូតបាយ ម្រាមដៃក៏ដាច់ធ្លាក់ទៅក្នុងបាត្រន៎ុះ ។ ខ្ញុំផ្អែកនឹងជញ្ជាំងផ្ទះ ហើយក៏ បានឆាន់ នូវពំនូតបាយនោះ កាលពំនូតបាយ ដែលខ្ញុំកំពុង បរិភោគក្តី បរិភោគរួចហើយ ខ្ញុំមិនមានសេចក្តីខ្ពើមរអើមឡើយ ។ ដុំបាយដែលភិក្ខុទៅឈរទៀបទ្វារផ្ទះនៃជនដទៃ ហើយបានមកជា អាហារ ១ សម៉ដែលត្រាំដោយទឹកមូត្រគោស្អុយជាឱសថ ១ ម្លប់ ឈើជាសេនាសនៈ ១ សំពត់បង្សុកូលចីវរ ១ ភិក្ខុណាបានបរិភោគ នូវរបស់ទាំងនេះហើយ ភិក្ខុនោះអាចនៅក្នុងទិសទាំង ៤ បាន ។