អដ្ឋកថា គាថាព្រមហាកស្សបត្ថេរ
ក្នុងចត្តាឡីសនិបាត គាថារបស់ព្រះមហាកស្សបត្ថេរ មាន ពាក្យផ្តើមថា ន គណេន បុរក្ខតោ ចរេ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ព្រះថេរៈ នេះបានជាកុដុម្ពិកៈ មានឈ្មោះថា វេទេហៈ មានសម្បត្តិ ៨០ កោដិ ក្នុងហង្សវតីនគរ លោកជាឧបាសកពុទ្ធមាមក ធម្មមាមក សង្ឃមាមក ជា ប្រក្រតី ។ ក្នុងថ្ងៃឧបោសថមួយ បរិភោគអាហារដែលល្អអំពីព្រលឹម អធិដ្ឋាន អង្គនៃឧបោសថ កាន់យកគ្រឿងក្រអូប និងផ្កាជាដើមទៅកាន់វិហារ បូជាព្រះសាស្តា ថ្វាយបង្គំហើយ អង្គុយក្នុងទីសមគួរ នាចំណែកម្ខាង ។ ក្នុងខណៈនោះ ព្រះសាស្តាទ្រង់តាំងសាវ័កទី ៣ ឈ្មោះមហានិសភត្ថេរ ក្នុងតំណែងឯតទគ្គៈថា ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុសាវ័ករបស់តថាគត និសភៈ ជាកំពូលនៃភិក្ខុទាំងឡាយ ខាងសមាទានធុតង្គ ។ ឧបាសកបាន ស្តាប់ដូច្នោះ ទើបជ្រះថ្លា ក្នុងពេលចប់ធម្មកថា កាលមហាជនក្រោកទៅ ទើបថ្វាយបង្គំព្រះសាស្តា ទូលនិមន្តថា ស្អែកនេះ សូមទ្រង់ទទួលភិក្ខារបស់ ខ្ញុំព្រះអង្គចុះ ព្រះសាស្តាត្រាស់ថា ម្នាលឧបាសក ភិក្ខុសង្ឃមានច្រើន ឧបាសកនោះទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន មានបុនណា ព្រះសាស្តា ត្រាស់ថា មាន ៦ លាន ៨ សែនរូប កុលបុត្តទូលថា បពិត្រព្រះអង្គ ដ៏ចម្រើន សូមទ្រង់ទទួលភិក្ខារបស់ខ្ញុំព្រះអង្គ កុំបន្សល់សាមណេរត្រឹមតែ មួយរូបក្នុងវិហារឡើយ ព្រះមុនីទ្រង់ទទួលហើយ ។ ឧបាសកដឹងថា ព្រះសាស្តា ទ្រង់ទទួលហើយក៏ ទៅកាន់ផ្ទះ ចាត់ចែងមហាទាន ស្អែកឡើង ទើបក្រាបទូលកាលដល់ព្រះសាស្តា ។