អដ្ឋកថា គាថាព្រះមហាមោគ្គល្លានត្ថេរ
ថេរគាថា សដ្ឋិកនិបត ៣ ក្នុងសដ្ឋិកនិបាត គាថារបស់ព្រះមោគ្គល្លានត្ថេរ មានពាក្យ ផ្តើមថា អរញ្ញិកា បិណ្ឌបតិកា ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ រឿងព្រះមហាមោគ្គល្លានត្ថេរនោះ បានពោលហើយក្នុងរឿងរបស់ព្រះ ធម្មសេនាបតីនោះឯង ។ ពិតហើយ ក្នុងថ្ងៃទី ៧ បន្ទាប់អំពីថ្ងៃដែលបួសហើយ ព្រះថេរៈចូលទៅ អាស្រ័យកល្លវាលគាម ក្នុងមគធរដ្ឋ ធ្វើសមណធម៌ កាលថីនមិទ្ធៈគ្រប សង្កត់ ត្រូវព្រះសាស្តាទ្រង់ឲ្យសង្វេគដោយពាក្យជាដើមថា ម្នាលមោគ្គល្លាន ម្នាលមោគ្គល្លានដ៏ជាព្រាហ្មណ៍ អ្នកកុំប្រមាទ ភាពជាអ្នកនៅស្ងៀមដ៏ប្រសើរ ដូច្នេះហើយ បន្ទោបង់នូវថីនមិទ្ធៈ ស្តាប់ធាតុកម្មដ្ឋានដែលព្រះសាស្តាត្រាស់ នោះឯង ចម្រើនវិបស្សនា ចូលដល់មគ្គ ៣ ខាងលើតាមលំដាប់ តាំងនៅក្នុង អរហត្តផល រាប់ថា បានដល់ទីបំផុតនៃសាវកបារមីញាណ សមដូច គាថាព័ន្ធដែលលោកពោលក្នុងអបទានថា ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាច្បងក្នុងលោក ជានរាសភៈ មានពួកទេវតាចោមរោម ទ្រង់គង់នៅក្នុងព្រៃ ហិមពាន្ត ។ គ្រានោះ ខ្ញុំកើតជាស្តេចនាគ ឈ្មោះវរុណៈ នៅក្នុងមហាសមុទ្រ ចេះប្លែងរូបបានតាមសេចក្តីប្រាថ្នា ។ វេលានោះ ខ្ញុំបានលះបង់នូវពួកនាគជាបរិវារ ហើយបាន ផ្តើមប្រគំតូរ្យតន្រ្តី ឯពួកស្រីអប្សរ ( នាងនាគមានវិកា ) ក៏ ចោមរោមប្រគំ ថ្វាយព្រះសម្ពុទ្ធដែរ ។ កាលមានតូរ្យតន្រ្តី របស់ពួកនាគហើយ ពួកទេវតា ក្នុងចាតុម្មហារាជិកា ក៏ បានប្រគំ នូវតូរ្យតន្រ្តីទិព្វ ឯព្រះសម្ពុទ្ធ ទ្រង់ឮ ទ្រង់ជ្រាប ច្បាស់នូវសំឡេង នៃតូរ្យតន្រ្តី ទាំងពីរពួកនោះ ។