អដ្ឋកថា គាថាព្រះអញ្ញតរាថេរី

ក្បាលទី 44 · ទំព័រ 3

ក្នុងឯកនិបាត មានវិនិច្ឆ័យដូចតទៅនេះថា ឥឡូវនេះ ដល់ឱកាសដែលនឹងពណ៌នាអត្ថថេរីគាថា តាមលំដាប់ហើយ ព្រោះក្នុងថេរីគាថានោះ កាលប្រាប់ខាងដើមថា ភិក្ខុនីក្នុងសាសនានោះ បាន ទទួលបព្វជ្ជា និងឧបសម្បទាដូចម្តេច ការអធិប្បាយអត្ថុប្បត្តិហេតុ ក្នុងគាថា នោះៗ ក៏ធ្វើបានងាយនឹងធ្វើឲ្យយល់ងាយ ព្រោះហេតុនោះ ដើម្បីឲ្យយល់ រឿងនោះ គប្បីជ្រាបលំដាប់ហេតុដែលកើតមកដូចតទៅនេះថា សេចក្តីសង្ខេបថា ព្រះលោកនាថសាស្តាអង្គនេះ ទ្រង់ប្រជុំដោយអង្គ ៨ ដែលត្រាស់ដោយន័យថា មនុស្សត្តំ លិង្គសម្បត្តិ ប្រែថា ភាពជាមនុស្ស ១ ដល់ព្រមដោយភេទ ១ ជាដើម សាងមហាភិនីហារ ទុកទៀបបាទមូល របស់ព្រះមានព្រះភាគព្រះនាមថាទីបង្ករ ទ្រង់បំពេញបារមី ៣០ បានទទួល ព្យាករណ៍ ក្នុងសម្នាក់របស់ព្រះពុទ្ធទាំងឡាយ ២៤ អង្គ ទ្រង់បំពេញបារមី ដោយលំដាប់ កាន់យកកំពូលនៃញាតត្ថចរិយា លោកត្ថចរិយា និងពុទ្ធត្ថចរិយា កើតក្នុងស្ថានតុសិតតាំងនៅក្នុងស្ថានតុសិតនោះដរាបដល់អស់អាយុ ទេវតាក្នុងម៉ឺនចក្កវាឡអារាធនាឲ្យមកកើតជាមនុស្ស ដើម្បីត្រាស់ជាព្រះពុទ្ធ ដោយពាក្យ ( ក្នុងខុទ្ទកនិកាយពុទ្ធវំសៈ ) ថា កាលោយំ តេ មហាវីរ ឧប្បជ្ជ មាតុកុច្ឆិយំ សទេវកំ តារយន្តោ ពុជ្ឈស្សុ អមតំ បទំ ។ បពិត្រព្រះអង្គមានព្យាយាមធំ កាលនេះគួរដល់ព្រះអង្គហើយ សូមព្រះអង្គទ្រង់កើតក្នុងផ្ទៃនៃព្រះមាតា ចម្លងមនុស្សលោក ព្រមទាំងទេវលោក សូមទ្រង់ត្រាស់ដឹងនូវព្រះនិព្វាន ឈ្មោះ អមតៈ ដូច្នេះ ។