អដ្ឋកថា មុត្តាថេរី
គាថាតទៅនេះជាគាថារបស់សិក្ខមានាឈ្មោះមុត្តា ម្នាលនាងមុត្តា នាងចូររួចចាកយោគៈទាំងឡាយ ដូចជាព្រះចន្ទ ដែលរាហូចាប់ ( ហើយរួចអំពីដៃ ) នាងមានចិត្តរួចស្រឡះ មិនមានបំណុលទេ ចូរបរិភោគដុំបាយចុះ ដូច្នេះ ។ ព្រះថេរីរូបនេះ ក៏មានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុងសាសនា ព្រះមានព្រះភាគព្រះនាមថាវិបស្សី កើតក្នុងផ្ទះមានត្រកូលជាអ្នកដឹងក្តីហើយ ថ្ងៃមួយឃើញព្រះសាស្តាយាងតាមវិថី មានចិត្តជ្រះថ្លា ថ្វាយបង្គំដោយបញ្ចង្គ ប្រតិស្ឋាន ហើយក្រាបទៀបព្រះយុគលបាទរបស់ព្រះសាស្តា ដោយកម្លាំង បីតិ ។ ដោយបុញ្ញកម្មនោះ ទៅកើតក្នុងទេវលោក អន្ទោលទៅមកតែក្នុង សុគតិភូមិប៉ុណ្ណោះ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណមហាសាល ក្នុងក្រុងសាវត្ថី មានឈ្មោះថា មុត្តា ព្រោះជាស្រីដល់ព្រមដោយឧបនិស្ស័យ ក្នុងកាលអាយុ ២០ ឆ្នាំ នាងក៏បួសជាសិក្ខមានា ក្នុងសម្នាក់របស់ព្រះនាង មហាបជាបតិគោតមី ឲ្យព្រះនាងបជាបតិគោតមីប្រាប់កម្មដ្ឋានហើយ ចម្រើន វិបស្សនា ។ ថ្ងៃមួយ ត្រឡប់អំពីបិណ្ឌបាត ធ្វើភត្តកិច្ចស្រេចហើយ សម្តែង វត្តដល់ភិក្ខុនីដែលជាថេរីទាំងឡាយ ហើយទៅកាន់ទីសម្រាកពេលថ្ងៃ អង្គុយ ក្នុងទីកំបាំង ផ្តើមមនសិការវិបស្សនាកម្មដ្ឋាន ព្រះសាស្តាគង់នៅត្រង់ព្រះគន្ធ កុដិនោះឯង ទ្រង់បញ្ចេញរស្មីសម្តែងព្រះអង្គ ដូចនៅក្នុងទីចំពោះមុខរបស់ នាង ត្រាស់គាថានេះថា ម្នាលនាងមុត្តា នាងចូររួចចាកយោគៈទាំងឡាយ ដូចជាព្រះចន្ទ ដែលរាហូចាប់ ( ហើយរួចអំពីដៃ ) នាងមានចិត្តរួចស្រឡះ មិនមានបំណុលទេ ចូរបរិភោគដុំបាយចុះ ដូច្នេះ ។