អដ្ឋកថា គាថាបុណ្ណាថេរី

ក្បាលទី 44 · ទំព័រ 21

គាថារបស់សិក្ខមានាមានពាក្យផ្តើមថា បុណ្ណេ បូរស្សុ ធម្មេហិ ដូច្នេះ ជាដើម ។ បានឮថា កុលធីតានេះ ក៏មានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗកាល ចក្កវាឡមិនមានព្រះពុទ្ធ កើតក្នុងកំណើតកិន្នរត្រង់ឆ្នេរស្ទឹងចន្ទភាគា ។ ថ្ងៃ មួយ ឃើញព្រះបច្ចេកពុទ្ធមួយអង្គត្រង់ឆ្នេរស្ទឹងនោះ មានចិត្តជ្រះថ្លា បូជាព្រះ បច្ចេកពុទ្ធដោយផ្កាបបុស ឈរផ្គងអញ្ជលី ដោយបុញ្ញកម្មនោះ កុលធីតា នោះអន្ទោលទៅក្នុងសុគតិបុណ្ណោះ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលគហបតិ មហាសាលក្នុងនគរសាវត្ថី មានឈ្មោះថាបុណ្ណា ព្រោះជាស្រីដល់ព្រមដោយ ឧបនិស្ស័យ លុះដល់អាយុ ២០ ឆ្នាំ ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះនាង គោតមីបាននូវសទ្ធាសូមបព្វជ្ជាជាសិក្ខមានា ផ្តើមវិបស្សនា ។ ព្រះសាស្តា គង់ក្នុងព្រះគន្ធកុដិនោះឯង ទ្រង់បញ្ចេញព្រះរស្មី ត្រាស់ ព្រះគាថានេះដល់កុលធីតានោះថា ម្នាលនាងបុណ្ណា នាងចូរពេញដោយពោធិបក្ខិយធម៌ទាំងឡាយ ដូចជាព្រះចន្ទក្នុងថ្ងៃ ១៥ កើត នាងចូរទម្លាយនូវគំនរងងឹត គឺ មោហៈ ដោយបញ្ញាដ៏បរិបូណ៌ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា បុណ្ណេ ជាពាក្យហៅសិក្ខមានានោះ ។ បទថា បូរស្សុ ធម្មេហិ សេចក្តីថា ចូរបរិបូណ៌ដោយពោធិបក្ខិយធម៌ ៣៧ ប្រការ ។ រ អក្ខរៈ ក្នុងបទថា ចន្ទោ បណ្ណរសេរិវ គ្រាន់តែធ្វើកិច្ចភ្ជាប់បទ សេចក្តីថា ដូចព្រះចន្ទពេញវង់ក្នុងថ្ងៃ ១៥ កើត គឺក្នុងថ្ងៃពេញបូណ៌មី ។ បទថា បរិបុណ្ណាយ បញ្ញាយ បានដល់ ដោយបញ្ញាដែលសម្បយុត្តដោយ អរហត្តមគ្គ ឈ្មោះថា បរិបុណ្ណាយ ព្រោះធ្វើកិច្ច ១៦ ឲ្យបរិបូណ៌ ។