អដ្ឋកថា តិស្សាថេរី
គាថារបស់សិក្ខមានាឈ្មោះថា តិស្សា មានពាក្យផ្តើមថា តិស្សេ សិក្ខស្សុ សិក្ខាយ ដូច្នេះជាដើម ។ បានឮថា កុលធីតានេះ ក៏មានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភពនោះៗ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងសក្យរាជត្រកូល ក្នុងនគរកបិលពស្តុ ចម្រើនវ័យ ហើយ បានជាស្នំរបស់ព្រះពោធិសត្វ ក្រោយមក បានចេញបួសមួយអន្លើ ដោយព្រះមហាបជាបតិគោតមី ចម្រើនវិបស្សនា ព្រះសាស្តាទ្រង់បញ្ចេញព្រះ រស្មី តាមន័យដែលពោលហើយខាងដើមនោះឯង បានភាសិតគាថាដល់ព្រះថេរី នោះថា ម្នាលនាងតិស្សា ចូរនាងសិក្សាតាមសិក្ខា កុំឲ្យយោគៈទាំងឡាយ គ្របសង្កត់នាងបាន នាងចូរជាស្រីប្រាសចាកយោគៈ ទាំងអស់ មិនមានអាសវៈ ប្រព្រឹត្តនៅក្នុងលោក ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា តិស្សេ ជាពាក្យហៅព្រះថេរីនោះ ។ បទថា សិក្ខស្សុ សិក្ខាយ សេចក្តីថា ចូរសិក្សាក្នុងសិក្ខា ៣ មានអធិសីល សិក្ខាជាដើម គឺចូរញ៉ាំងសិក្ខា ៣ ដែលសម្បយុត្តដោយមគ្គឲ្យដល់ព្រម ព្រះមាន ព្រះភាគត្រាស់ហេតុក្នុងការញ៉ាំងសិក្ខា ៣ នោះ ឲ្យដល់ព្រមទុកថា នាង ចូរជាស្រីប្រាសចាកយោគៈទាំងអស់ សេចក្តីថា សម័យដែលគួរប្រកបទាំងនេះ គឺភាពជាមនុស្ស ១ ការមិនខ្វះខាតនៃឥន្ទ្រិយ ១ ការកើតឡើងនៃព្រះពុទ្ធ ១ ការមាននូវសទ្ធា ១ ជាខណៈដែលរកបានដោយក្រកុំកន្លងនាងទៅ ឡើយ ម្យ៉ាងទៀត យោគៈ ៤ មានកាមយោគៈជាដើមនោះឯង កុំចូលជិត គឺកុំគ្របសង្កត់នាងឡើយ ។