អដ្ឋកថា ឧបសមាថេរី

ក្បាលទី 44 · ទំព័រ 28

អញ្ញតរាតិស្សាថេរីគាថាជាដើម [ ២៧០-២៧៥ ] គាថារបស់តិស្សាថេរីជាដើមមានពាក្យផ្តើមថា តិស្សេ យុញ្ជស្សុ ធម្មេហិ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរីអង្គនេះ ក៏ដូចគ្នានិងរឿងរបស់សិក្ខមានាឈ្មោះ តិស្សា តែព្រះថេរីអង្គនេះ បួសហើយបានសម្រេចព្រះអរហត្ត ។ ព្រះថេរីអង្គនេះ យ៉ាងណា រឿងរបស់ព្រះថេរី ៥ អង្គ បន្ទាប់អំពីនេះ គឺធីរាថេរី អញ្ញតរា ធីរាថេរី មិត្តាថេរី ភទ្រាថេរី ឧបសមាថេរី ក៏យ៉ាងនោះ គឺដូចគ្នានោះឯង ព្រះថេរីទាំងអស់ ជាអ្នកកបិលពស្តុ ជាស្នំរបស់ព្រះពោធិសត្វ ចេញបួសជាមួយ ព្រះនាងមហាបជាបតិគោតមី សម្រេចអរហត្តដោយគាថាកើតអំពីឱភាស វៀរអង្គទី ៧ ឯអង្គទី ៧ នោះ វៀរគាថាដែលកើតអំពីឱភាស អាស្រ័យ ឱវាទ ដែលបានក្នុងសម្នាក់ព្រះសាស្តាដោយត្រង់ ខ្វល់ខ្វាយចម្រើនវិបស្សនា សម្រេចអរហត្ត បានពោលគាថាជាឧទានថា ធីរា ធីរេហិ ជាដើម ព្រះថេរី អង្គដទៃៗ សម្រេចអរហត្តហើយ បានពោលគាថាទាំងនេះថា ( ព្រះនាងអញ្ញតរាតិស្សាថេរីពោលថា ) ម្នាលនាងតិស្សា ចូរនាងប្រកបដោយធម៌ទាំងឡាយ ខណៈកុំ កន្លងនាងឡើយ ព្រោះពួកជនដែលខណៈកន្លងហើយ រមែង សោកស្តាយពេញប្រៀបក្នុងនរក ដូច្នេះ ។ ( ព្រះនាងធីរាថេរីពោលថា ) ម្នាលនាងធីរា នាងចូរពាល់ត្រូវនូវនិរោធជាសុខ ជាទីរម្ងាប់ នូវសញ្ញា នាងចូរត្រេកអរនឹងព្រះនិព្វាន ដ៏ក្សេមចាកយោគៈ ប្រសើរបំផុត ដូច្នេះ ។ ( ព្រះនាងអញ្ញតរាធីរាថេរីពោលថា ) ធីរាភិក្ខុនី មានឥន្ទ្រិយអប់រំហើយ ដោយធម៌ទាំងឡាយ ជា ប្រធាននៃព្យាយាម នាងចូរផ្ចាញ់នូវមារព្រមទាំងវាហនៈហើយ ទ្រទ្រង់នូវរាងកាយជាទីបំផុត ដូច្នេះ ។