អដ្ឋកថា ធម្មទិន្នាថេរី
គាថារបស់ព្រះថេរីឈ្មោះ ធម្មទិន្នាមានពាក្យផ្តើមថា ឆន្ទជាតា អវសាយី ដូច្នេះជាដើម ។ បានឮថា កុលធីតានេះ ក្នុងសាសនាព្រះពុទ្ធព្រះនាមថាបទុមុត្តរៈ ជាអ្នក អាស្រ័យអ្នកដទៃចិញ្ចឹមជិវិតក្នុងនគរហង្សវតី ថ្វាយទាន បូជាសក្ការៈជាខាង ដើម ដល់អគ្គសាវ័កដែលចេញអំពីនិរោធ កើតនៅក្នុងទេវលោក ចុតិចាក ទេវលោកនោះហើយ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាផុស្សៈ កុលធីតានេះ នៅក្នុងផ្ទះ ( ជាអ្នកបម្រើ ) នៃបងប្រុសមាតាដទៃនៃព្រះសាស្តា កាលចៅហ្វាយនាយពោល ដល់ទានថា ចូរនាងឲ្យមួយចំណែក ដូច្នេះ នាងក៏ឲ្យ ២ ចំណែក ធ្វើ បុណ្យដ៏ច្រើន ក្នុងសាសនារបស់ព្រះកស្សបសម្ពុទ្ធ បដិសន្ធិក្នុងព្រះរាជវាំង របស់ព្រះបាទកាសីព្រះនាមថាកិកិ ជាទារិកាម្នាក់ ក្នុងចំណោមបងប្អូនស្រី ៧ អង្គ ប្រព្រឹត្តព្រហ្មចរិយៈ ២ ម៉ឺនឆ្នាំ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយអស់មួយពុទ្ធន្តរ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងផ្ទះមានត្រកូលក្នុងនគរ រាជគ្រឹះ ចម្រើនវ័យហើយ ទៅកាន់ផ្ទះរបស់វិសាខសេដ្ឋី ។ ថ្ងៃមួយ វិសាខសេដ្ឋីស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា បានជា អនាគាមី ទៅកាន់ផ្ទះ កាលឡើងប្រាសាទ មិនចាប់ដៃនាងធម្មទិន្នាដែលឈរត្រង់ ក្បាលជណ្តើរហុចដៃឲ្យ កាលបរិភោគអាហារ ក៏បរិភោគព្រងើយៗ ។ នាង ធម្មទិន្នាពិចារណាសេដ្ឋីនោះហើយពោលថា អយ្យបុត្ត ថ្ងៃនេះហេតុអ្វីក៏លោក មិនចាប់ដៃខ្ញុំ កាលបរិភោគអាហារ ក៏មិនពោលពាក្យណាមួយ ខ្ញុំខុសអ្វីឬ ។