អដ្ឋកថា វិសាខាថេរី
គាថារបស់ព្រះថេរីឈ្មោះ វិសាខា មានពាក្យផ្តើមថា ករោថ ពុទ្ធសាសនំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរីឈ្មោះវិសាខានោះ ដូចគ្នានឹងរឿងរបស់ព្រះថេរីឈ្មោះ ធីរានោះឯង ។ ព្រះថេរីឈ្មោះវិសាខានោះ សម្រេចអរហត្តហើយ ញ៉ាំង កាលវេលាឲ្យកន្លងទៅដោយវិមុត្តិសុខ បានព្យាករអរហត្តផល ដោយគាថា នេះថា អ្នកទាំងឡាយ ចូរធ្វើតាមព្រះពុទ្ធសាសនា ដែលគេធ្វើហើយ មិនក្តៅក្រហាយតាមក្រោយ ចូរលាងជើងទាំងឡាយឲ្យឆាប់ ហើយអង្គុយក្នុងទីសមគួរ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ករោថ ពុទ្ធសាសនំ សេចក្តីថា ចូរធ្វើតាម ពាក្យប្រៀនប្រដៅ គឺពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គឺចូរ បដិបត្តិតាមពាក្យប្រៀនប្រដៅ ។ បទថា យំ កត្វា នានុតប្បតិ សេចក្តីថា ព្រោះធ្វើឲ្យអ្នកធ្វើតាមពាក្យប្រៀនប្រដៅដែលធ្វើហើយ មិនក្តៅក្រហាយក្នុង កាលជាក្រោយសម្រេចបំណងបានដោយប្រពៃពិត ។ បទថា ខិប្បំ បទានិ ធោវិត្វា ឯកមន្តេ និសីទថ សេចក្តីថា ព្រោះខ្លួនឯងត្រឡប់អំពីបិណ្ឌបាតក្នុង បច្ឆាភត្ត សម្តែងវត្តដល់អាចារ្យនិងឧបជ្ឈាយ៍ហើយ លាងជើងទាំង ២ អង្គុយ ក្នុងទីស្ងាត់ ក្នុងទីសម្រាកពេលថ្ងៃរបស់ខ្លួន ហើយញ៉ាំងប្រយោជន៍របស់ខ្លួន ឲ្យដល់ទីបំផុត ហេតុនោះ ព្រះនាងវិសាខាថេរី កាលបបួលអ្នកដទៃឲ្យធ្វើ ប្រយោជន៍នោះដែរ ទើបពោលបទនេះ ។