អដ្ឋកថា សុមនាថេរី

ក្បាលទី 44 · ទំព័រ 48

គាថារបស់ព្រះថេរីឈ្មោះសុមនាមានពាក្យផ្តើមថា ធាតុយោ ទុក្ខតោ ទិស្វា ដូច្នេះជាជាដើម ។ រឿងរបស់ព្រះថេរីឈ្មោះសុមនានោះ ដូចគ្នានឹងរឿងរបស់ព្រះថេរីឈ្មោះ តិស្សា ។ មានសេចក្តីសង្ខេបថា ព្រះសាស្តាទ្រង់បញ្ចេញព្រះរស្មី បង្ហាញ ព្រះកាយដូចគង់ក្នុងទីចំពោះមុខ ត្រាស់ព្រះគាថានេះថា នាងឃើញធាតុទាំងឡាយថាជាទុក្ខ កុំមកកាន់កំណើតថ្មីទៀត ឡើយ នាងរំសាយចំណង់ ក្នុងភពចេញ ទើបស្ងប់រម្ងាប់បាន ដូច្នេះ ។ ក្នុងកាលចប់គាថា ព្រះថេរីនោះបានសម្រេចអរហត្ត ។ បណ្តាបទទាំងនោះបទថា ធាតុយោ ទុក្ខតោ ទិស្វា សេចក្តីថា ឃើញ ធាតុ មានចក្ខុជាដើមដែលទាក់ទងដោយសន្តិ និងធាតុដទៃដោយញាណចក្ខុថា ជាទុក្ខ ព្រោះកើតឡើង វិនាសទៅ និងបៀតបៀនជាដើម ។ បទថា មា ជាតឹ បុនរាគមិ សេចក្តីថា កុំចូលដល់ជាតិ គឺភពថ្មីតទៅទៀត ឡើយ ។ បទថា ភវេ ឆន្ទំ វិរាជេត្វា សេចក្តីថា លះនូវឆន្ទៈ គឺតណ្ហាក្នុងភពទាំងពួង មានកាមភពជាដើម ដោយមគ្គ ពោលគឺវិរាគៈ ។ បទថា ឧបសន្តា ចរិស្សសិ សេចក្តីថា នឹងជាអ្នករំលត់ ព្រោះលះកិលេសបានទាំងអស់ ។ ម្យ៉ាងទៀត ក្នុងគាថានេះ គប្បីជ្រាបថា លោកសម្តែងវិបស្សនាដោយ មាតិការបស់ទុក្ខានុបស្សនា ដោយបទថា ធាតុយោ ទុក្ខតោ ទិស្វា ដូច្នេះ ។ សម្តែងមគ្គដោយបទថា ភវេ ឆន្ទំ វិរាជេត្វា ដូច្នេះ ។ សម្តែងឧបាទិសេស និព្វានធាតុដោយបទថា ឧបសន្តា ចរិស្សសិ ដូច្នេះ ។ សម្តែងអនុបាទិសេស និព្វានធាតុ ដោយបទថា មា ជាតឹ បុនរាគមិ ដូច្នេះ ។