សង្ឃាថេរី
ខ្ញុំបានលះបង់ផ្ទះ លះកូនជាទីស្រឡាញ់និងសត្វចិញ្ចឹម ហើយ មកបួស បានលះរាគៈនិងទោសៈ រំសាយអវិជ្ជា គឺមោហៈ បានដកតណ្ហា ព្រមទាំងឫស ជាស្រីស្ងប់រម្ងាប់ ហើយបានសម្រេច អនុបាទិសេសនិព្វាន ធាតុ ។ សង្ឃាថេរី ។ គាថារបស់ព្រះថេរីឈ្មោះ សង្ឃា មានពាក្យផ្តើមថា ហិត្វា ឃរេ បព្វជិត្វា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរីឈ្មោះ សង្ឃា នោះ ដូចរឿងរបស់ព្រះថេរីឈ្មោះធីរា ព្រះថេរីឈ្មោះសង្ឃានោះ សម្រេចអរហត្តហើយ បានពោលគាថានេះថា ខ្ញុំបានលះបង់ផ្ទះ លះកូនជាទីស្រឡាញ់ និងសត្វចិញ្ចឹមហើយ មកបួស បានលះរាគៈនិងទោសៈ រំសាយអវិជ្ជា គឺមោហៈ បានដកតណ្ហា ព្រមទាំងឫស ជាស្រីស្ងប់រម្ងាប់ ហើយបាន សម្រេចអនុបាទិសេសនិព្វានធាតុ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ហិត្វា បានដល់ លះហើយ ។ បទថា ឃរេ បានដល់ នៅផ្ទះ ។ ឃរ សព្ទ សូម្បីនៅក្នុងរូបសព្ទឯកវចនៈ ជួនកាល ក៏ប្រើក្នុងអត្ថពហុវចនៈ ព្រោះពង្រីកសេចក្តីដូច ពីជំ ប្រើជាមួយពូជ ច្រើនយ៉ាង ។ បទថា ហិត្វា បុត្តំ បសុំ បិយំ សេចក្តីថា លះបុត្ត និង សត្វចិញ្ចឹម មានគោក្របីជាដើម ដែលជាទីស្រឡាញ់ ដោយការលះឆន្ទរាគៈ ដែលទាក់ទងដោយកូននិងសត្វចិញ្ចឹមនោះ ។ បទថា ហិត្វា រាគញ្ច ទោសញ្ច សេចក្តីថា ដកនូវរាគៈដែលមានសភាវៈត្រេកត្រអាល និងទោសៈ ដែលមានភាវៈអាក់អន់ដោយអរិយមគ្គ ។ បទថា អវិជញ្ច វិរាជិយ សេចក្តី ថា ខ្ជាក់នូវមោហៈដែលជាខាងដើមក្នុងអកុសលទាំងអស់ ដោយអត្ថថា ដក បានដោយមគ្គនោះឯង ។ ពាក្យដ៏សេសមានន័យដូចពោលហើយនោះឯង ។