អដ្ឋកថា គាថានន្ទាថេរី

ក្បាលទី 44 · ទំព័រ 59

ក្នុងទុកនិបាត ថេរីគាថា មានវិនិច្ឆ័យដូចតទៅនេះថា គាថារបស់សិក្ខមានា ឈ្មោះ អភិរូបនន្ទា មានពាក្យផ្តើមថា អាតុរំ អសុចឹ បូតឹ ដូច្នេះជាដើម ។ បានឮថា កុលធីតានេះ ក្នុងសាសនាព្រះមានព្រះភាគព្រះនាម វិបស្សី កើតជាធីតារបស់គហបតីមហាសាល ក្នុងពន្ធុមតីនគរ ស្តាប់ធម៌ក្នុងសម្នាក់ ព្រះសាស្តា តាំងនៅក្នុងសរណៈនិងសីល កាលព្រះសាស្តាបរិនិព្វានហើយ បានបូជាព្រះធាតុចេតិយ ដោយឆត្រមាស ដែលប្រដាប់ដោយរតនៈ អស់ ជីវិតហើយ ទៅកើតក្នុងស្ថានសួគ៌ អន្ទោលទៅមកក្នុងសុគតិភូមិប៉ុណ្ណោះ ក្នុង ពុទ្ធុប្បាទនេះ កើតក្នុងផ្ទៃអគ្គមហេសីរបស់ស្តេចខេមកសក្យៈក្នុងនគរកបិលពស្តុ មានឈ្មោះថា នន្ទា ព្រះនាងនន្ទានោះ មានរូបគួរមើល គួរជ្រះថ្លា គេស្គាល់ទួទៅថា អភិរូបនន្ទា ព្រោះអត្តភាពដល់នូវលម្អដ៏ក្រៃលែង លុះនាង ចម្រើនវ័យហើយ សក្យកុមារដែលជាទីស្រឡាញ់ក្រៃលែងបានអស់ព្រះជន្ម ក្នុងថ្ងៃភ្ជាប់ពាក្យនោះឯង គ្រានោះព្រះជនកព្រះជននីក៏ឲ្យបួស ទាំងដែលនាង មិនចង់បួស ។ ភិក្ខុនីអភិរូបនន្ទានោះ សូម្បីបួសហើយ ក៏នៅមានការស្រវឹង ព្រោះ អាស្រ័យរូប មិនទៅកាន់ទីបដិបត្តិព្រះសម្ពុទ្ធ ដោយយល់ថា ព្រះសាស្តា ទ្រង់តិះដៀលរូប ទ្រង់សម្តែងទោសក្នុងរូបដោយអនេកបរិយាយ ។ ព្រះសាស្តា ទ្រង់ជ្រាបថា ភិក្ខុនីនោះមានបញ្ញាចាស់ក្លាហើយ ទ្រង់ត្រាស់នឹងនាង មហាបជាបតិថា ភិក្ខុនីទាំងអស់មកទទួលឱវាទតាមលំដាប់ កាលដល់វារៈ របស់ខ្លួន នាងបញ្ជូនភិក្ខុនីដទៃទៅ ព្រះសាស្តាត្រាស់ថា កាលដល់វារៈ ( ទទួលឱវាទ ) ភិក្ខុនីគប្បីទៅដោយខ្លួនឯង មិនគប្បីបញ្ជូនភិក្ខុនីដទៃទៅ ជំនួសឡើយ ។