អដ្ឋកថា អឌ្ឍកាសីថេរី

ក្បាលទី 44 · ទំព័រ 72

គាថារបស់ព្រះថេរីឈ្មោះអឌ្ឍកាសីមានពាក្យផ្តើមថា យាវ កាសិជនបទោ ដូច្នេះជាដើម ។ បានឮថា កុលធីតានេះ ក្នុងសាសនាព្រះកស្សបទសពល កើតក្នុងផ្ទះ មានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ទៅកាន់សម្នាក់ភិក្ខុនី ស្តាប់ធម៌ បាននូវសទ្ធា បួសហើយ ជេរព្រះថេរីខីណាស្រពដែលបានបដិសម្ភិទា មួយ អង្គដែលតាំងនៅក្នុងសីលរបស់ភិក្ខុនីដោយពាក្យថា ស្រីពេស្យា ឃ្លាតចាក អត្តភាពនោះហើយ ឆេះក្នុងនរក ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលសេដ្ឋីមាន សម្បត្តិដ៏ឧឡារក្នុងដែនកាសី ចម្រើនវ័យហើយ វិនាសចាកឋានៈ ចុះកាន់ ភាពជាស្រីពេស្យា ព្រោះផលនៃវចីទុច្ចរិត ដែលបានធ្វើមកក្នុងកាលមុន នាង មានឈ្មោះថាអឌ្ឍកាសី ។ ការបួសជាសាមណេរី និងការឧបសម្បទាដោយ ទូតរបស់នាង មកហើយក្នុងខន្ធកៈនោះឯង សមដូចពាក្យដែលលោកពោល ទុក ( ក្នុងវិនយបិដកចុល្លវគ្គ ) ថា សម័យនោះឯង មានស្រីផ្កាមាសឈ្មោះអឌ្ឍកាសី មកបួស ក្នុងសំណាក់ពួកភិក្ខុនី ។ នាងអឌ្ឍកាសីនោះ ចង់ទៅនគរ សាវត្ថីដោយគិតថាអាត្មាអញនឹងបានឧបសម្បទាក្នុងសំណាក់ នៃព្រះមានព្រះភាគ ។ ពួកអ្នកលេងបានឮដំណឹងថា នាង អឌ្ឍកាសីស្រីផ្កាមាស ចង់ទៅនគរសាវត្ថី ។ ពួកអ្នកលេង ទាំងនោះ ក៏ចាំស្កាត់ត្រង់កណ្តាលផ្លូវ ។ នាងអឌ្ឍកាសីស្រី ផ្កាមាស បានឮដំណឹងថា ពួកអ្នកលេងចាំស្កាត់ត្រង់កណ្តាល ផ្លូវដូច្នោះ ក៏បញ្ជូនទូត ទៅក្រាបបង្គំទូលព្រះមានព្រះភាគថា ដ្បិតខ្ញុំម្ចាស់ចង់ឧបសម្បទាតើខ្ញុំម្ចាស់នឹងប្រតិបត្តិយ៉ាងណា ។