អដ្ឋកថា ចិត្តាថេរី
គាថារបស់ព្រះថេរីឈ្មោះ ចិត្តា មានពាក្យផ្តើមថា កិញ្ចាបិ ខោម្ហិ កិសិកា ដូច្នេះជាដើម ។ បានឮថា កុលធីតានេះ មានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗសន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុង កប្បទី ៩៤ អំពីភទ្ទកប្បនេះ កើតក្នុងកំណើតកិន្នរត្រង់ឆ្នេរស្ទឹងចន្ទភាគា ថ្ងៃ មួយកិន្នរទាំងនោះឃើញព្រះបច្ចេកពុទ្ធមួយអង្គ គង់ត្រង់គល់ឈើ មានចិត្ត ជ្រះថ្លា យកផ្កាបបុសមកបូជា ថ្វាយបង្គំហើយ ផ្គងអញ្ជលី ធ្វើប្រទក្សិណ ហើយចៀសចេញទៅ ។ ដោយបុញ្ញកម្មនោះ កុលធីតានោះ អន្ទោលទៅក្នុង ទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលគហបតី មហាសាល ក្នុងក្រុងរាជគ្រឹះ ដល់នូវភាពជាអ្នកដឹងក្តីហើយ បាននូវសទ្ធា ក្នុងកាល ព្រះសាស្តាយាងចូលនគររាជគ្រឹះ ក្រោយមកបួសក្នុងសម្នាក់របស់ព្រះនាង មហាបជាបតិគោតមី ក្នុងកាលឯចាស់ បានឡើងភ្នំគិជ្ឈកូដ ធ្វើសមណធម៌ ចម្រើនវិបស្សនា បានសម្រេចអរហត្តមួយ អន្លើដោយបដិសម្ភិទាទាំងឡាយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា កាលនោះឯង ខ្ញុំកើតជាកិន្នរញី នៅទៀបឆ្នេរស្ទឹងចន្ទភាគា ខ្ញុំ បានឃើញព្រះពុទ្ធជាព្រះសយម្ភូ ទ្រង់ប្រាសចាកធូលីទ្រង់ឈ្នះ កិលេស ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយខ្លាំង មានចិត្តត្រ េកអរ ធ្វើនូវអញ្ជលី ហើយកាន់យកនូវកម្រងផ្កាបបុសទៅ បូជាចំពោះព្រះសយម្ភូ ។ ខ្ញុំលះបង់រាងកាយ ជាកិន្នរញី បាន ទៅកើតក្នុងឋានតាវត្តិង្ស ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះ ផងដោយការតម្កល់ទុកនូវចេតនានោះផង ។