អដ្ឋកថា អញ្ញតរាសាមាថេរីគាថា

ក្បាលទី 44 · ទំព័រ 105

ក្នុងតិកនិបាត មានវិនិច្ឆ័យដូចតទៅនេះថា គាថារបស់ព្រះថេរីឈ្មោះអញ្ញតរាសាមាមានពាក្យផ្តើមថា បណ្ណវីសតិ វស្សានិ ដូច្នេះជាដើម ។ បានឮថា កុលធីតាអង្គនេះ ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភព នោះៗ ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមថាវិបស្សី កើតក្នុងកំណើត កិន្នរត្រង់ឆ្នេរស្ទឹងចន្ទភាគា កិន្នរីនោះខ្មីឃ្មាតក្នុងការលេងជាមួយពួកកិន្នរ ក្នុង ទីនោះ ។ ថ្ងៃមួយព្រះសាស្តាយាងទៅក្នុងទីនោះដើម្បីបណ្តុះនូវពូជ គឺកុសល ដល់កិន្នរនោះ ទ្រង់ចង្រ្កមត្រង់ឆ្នេរស្ទឹង ។ កិន្នរនោះឃើញព្រះមានព្រះភាគ ហើយមានចិត្តត្រេកអរ កាន់យកផ្ការាជព្រឹក្ស ចូលទៅគាល់ព្រះសាស្តាថ្វាយបង្គំ ហើយបូជាព្រះមានព្រះភាគដោយផ្កាទាំងនោះ ដោយបុញ្ញកម្មនោះ កិន្នរី ទាំងនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះកើតក្នុង ផ្ទះមានត្រកូលក្នុងក្រុងកោសម្ពី ចម្រើនវ័យហើយ បានជាសម្លាញ់របស់នាង សាមាវតី កាលនាងសាមាវតីនោះស្លាប់ កើតនូវសេចក្តីសង្វេគ បួស ២៥ វស្សា មិនបាននូវចិត្តស្ងប់ ក្នុងពេលចាស់ បានឱវាទរបស់ព្រះសុគតហើយ ចម្រើនវិបស្សនា បានសម្រេចអរហត្ត មួយអន្លើដោយបដិសម្ភិទាទាំងឡាយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ក្នុងកាលនោះ ខ្ញុំកើតជាកិន្នរញីនៅក្បែរឆ្នេរស្ទឹងចន្ទភាគា គ្រា នោះខ្ញុំបានឃើញព្រះសម្ពុទ្ធទ្រង់ជាទេវតាប្រសើរជាងទេវតា ព្រះអង្គប្រសើរជាងនរជន ទ្រង់កំពុងចង្រ្កម ។