អដ្ឋកថា ឧត្តមាថេរីគាថា
គាថារបស់ឧត្តមាថេរី មានពាក្យផ្តើមថា ចតុក្ខត្តុំ បញ្ចក្ខត្តុំ ដូច្នេះជាដើម ។ បានឮថា កុលធីតានេះ ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាវិបស្សីកើតជាទាសីក្នុងផ្ទះក្នុងត្រកូល នៃកុដុម្ពិកៈម្នាក់ក្នុងនគរពន្ធុមតី ចម្រើនវ័យហើយ ធ្វើសេចក្តីខ្មីឃ្មាតសង្គ្រោះ ជីដូនជីតារបស់ខ្លួនចិញ្ចឹមជីវិត ។ សម័យនោះ ព្រះបាទពន្ធុមរាជ ទ្រង់រក្សា ឧបោសថក្នុងថ្ងៃពេញបូណ៌មី មុនពេលអាហារ ទ្រង់ឲ្យទាន ក្រោយពេល អាហារទ្រង់យាងទៅស្តាប់ធម៌ ។ គ្រានោះ មហាជនប្រព្រឹត្តសមាទានអង្គ ឧបោសថក្នុងថ្ងៃពេញបូណ៌មីដូចព្រះរាជាទ្រង់បដិបត្តិនោះឯង ។ គ្រានោះទាសី នោះមានគំនិតយ៉ាងនេះថា ឥឡូវនេះ ទាំងមហារាជនិងមហាជន សមាទាន អង្គឧបោសថ ណ្ហើយចុះ អាត្មាអញគប្បីសមាទានអង្គឧបោសថក្នុងថ្ងៃឧបោសថទាំងឡាយ ទាសីនោះធ្វើយ៉ាងនោះរក្សានូវឧបោសថសីលបរិសុទ្ធល្អកើត ក្នុងស្ថានសួគ៌ជាន់តាវត្តិង្សអន្ទោលទៅមកតែក្នុងសុគតិប៉ុណ្ណោះ ក្នុងពុទ្ធុប្បាទ នេះកើតក្នុងត្រកូលសេដ្ឋីក្រុងសាវត្ថីដឹងក្តីហើយ បានស្តាប់ធម៌ក្នុងសម្នាក់ព្រះនាង បដាចារាថេរី ចម្រើនវិបស្សនា មិនអាចឲ្យវិបស្សនានោះដល់ទីបំផុតបាន បដាចារាថេរី ជ្រាបការប្រព្រឹត្តទៅនៃចិត្តរបស់នាងទើបបានឲ្យឱវាទ នាងតាំង នៅក្នុងឱវាទរបស់ព្រះថេរីនោះ បានសម្រេចអរហត្តមួយអន្លើដោយបដិសម្ភិទា ទាំងឡាយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់ព្រះនាមពន្ធុមៈ សោយរាជ្យ ក្នុងនគរពន្ធុមតី ព្រះអង្គរក្សាឧបោសថ ក្នុងថ្ងៃពេញ បូណ៌មី ។