សុក្កាថេរីគាថា
ក្បាលទី 44 · ទំព័រ 132
ពួកមនុស្សក្នុងក្រុងរាជគ្រឹះនេះ សម្ងំធ្វើកិច្ចអ្វី ដូចជាបុគ្គល សម្ងំផឹកទឹកឃ្មុំ ក៏មិននាំគ្នាចូលទៅរកនាងសុក្កាថេរីដែលកំពុង ប្រកាសព្រះពុទ្ធសាសនា ។ ពួកបណ្ឌិតបុរសប្រកបដោយប្រាជ្ញាទំនងជាបានក្រេបផឹកនូវធម៌ នោះ ជាធម៌មិនគប្បីដឹកនាំបុគ្គលឲ្យត្រឡប់ថយ ជាធម៌មិនលាយឡំ មានឱជារស ដូចជាពួកអ្នកដើរផ្លូវឆ្ងាយ បានក្រេបផឹកនូវទឹកភ្លៀង ។ ព្រះនាងសុក្កាថេរីមានលោកុត្តរធម៌ដ៏បរិសុទ្ធល្អ ជាស្រីប្រាសចាក រាគៈហើយ ជាអ្នកនឹងធឹងឈ្នះមារព្រមទាំងវាហនៈហើយ ទ្រទ្រង់រាងកាយមានក្នុងទីបំផុត ។